សង្គម

ឧកញ៉ាអ៊ាងថា ចាក់ដីលើកេរមរតកទន្លេដែលបាក់ច្រាំង, ឧកញ៉ាថាខុសតែមួយប៉ុណ្ណោះគឺមិនបានសុំច្បាប់អាជ្ញាធរ

ខេត្តកំពង់ចាម៖ ស្ដាប់ប្រសាសន៍ ដ៏ក្លាហានរបស់លោកឧកញ៉ាអ៊ាង ករណីចាក់ថ្មចូលទន្លេមេគង្គនោះ លោកឧកញ៉ាមាន ប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា លោកគិតថា គ្មានកំហុសទេ ព្រោះចាក់នៅលើដីអតីកេរ្តិ៍មរតក ទន្លេដែល បាក់លេបដីរបស់លោក ចូលទៅក្នុងទន្លេអស់ទៅ។ ដីច្រាំងខាងលើបាក់កំឡុងឆ្នាំ២០២១ ដោយនិយាយឱ្យខ្លី លោកចាក់ដីចាក់ថ្មនេះ គឺគ្រាន់តែចង់យកដី ឬទីតាំងដែលបាក់ចូលទន្លេនោះមកវិញប៉ុណ្ណោះ។ ដូច្នេះគ្មានកំហុសទេ។ ស្ដាប់ប្រសាសន៍របស់លោកឧកញ៉ាអ៊ាង,តើចៅហ្វាយខេត្តកំពង់ចាម,អ្នកកាន់ច្បាប់ក្រសួងធនធាន ទឹកយល់យ៉ាងណាដែរ? 

លោកឧកញ៉ាទន់ ឆៃអ៊ាងបាននិយាយ នៅទីកន្លែងកាយយកថ្មពីក្នុងទន្លេមកវិញនៅមាត់ទន្លេ ភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថា អ្វីដែលលោកខុសតែមួយប៉ុណ្ណោះគឺមិនបានសុំច្បាប់អាជ្ញាធរ។ ឮទេអស់លោកអាជ្ញាធរ លោកឧកញ៉ាចាក់ដីចូលទន្លេមេគង្គគឺលោកមិនខុសច្បាប់ទេ។ ខុសតែមួយប៉ុណ្ណោះ គឺមិនសុំច្បាប់អាជ្ញាធរ(Six)។ លោកស៊ឹម គង់ ចៅហ្វាយ ស្រុកស្រីសន្ធរ? មេៗដឹកនាំខេត្តកំពង់ចាមជាអភិបាល រងច្រើនរូបផ្សេងទៀតមានដឹងថា ឆ្នាំ២០២១ចំណុចដែលឧកញ៉ាអ៊ាងចាក់ដីចូលទន្លេនោះ មានបាក់ច្រាំង ទន្លេដែរឬទេ?

អ្វីដែលពលរដ្ឋចង់និយាយនៅទីនេះមានពីរបែប គឺទិដ្ឋ ភាពច្បាប់និងទិដ្ឋភាពជាក់ស្ដែង។ ទិដ្ឋភាពជាក់ស្ដែងការចាក់ថ្មលុបទន្លេមេគង្គ បើទោះបីជាកេរ មរតករបស់លោកអ៊ាងក៏ដោយ វាជាការរំលោភបំពានមួយដ៏ធ្ងន់ធ្ងរដល់សម្បត្តិមរតកប្រជាជាតិ និងទី២ថាតើ ដំណើរការនៃការចាក់ថ្មចូលទន្លេ,ដឹកថ្មទាំងឡានធំៗកាត់មុខសាលាស្រុកស្រីសន្ធរ,ចៅហ្វាយស្រុកលោកស៊ឹម គង់ មិនដឹងទេឬ, បើយ៉ាងហោចណាស់ក៏សួរកូនចៅដែលថា”អាដែងគេដឹកថ្មយកទៅណា?” ។ ទិដ្ឋភាពជាក់ស្ដែង ១ទៀតនោះ តើប្រាកដប្រជាទេថា ថ្មដែលចាក់ចូលទន្លេត្រូវបានកាយយកទាំងអស់មកវិញ។ សូមពិនិត្យទិដ្ឋភាពទាំងនេះឲ្យបានច្បាស់លាស់ បើសិនជាអាជ្ញាធរស្រុកស្រីសន្ធរ និងលោកឧកញ៉ាអ៊ាងយល់ថា ខ្លួនជាអ្នករស់ នៅក្រោមព្រះរាជាណាចក្រដែលមានច្បាប់ទម្លាប់។

មួយវិញទៀតពាក់ព័ន្ធនឹងច្បាប់ដែលក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស តើអាជ្ញាធរខេត្តកំពង់ចាមបានអនុវត្តដែរឬទេ? ភ្លាមៗក្តៅៗក្រោយបែកធ្លាយករណីលោកឧកញ៉ាអ៊ាង អ្នកមានជួរមាត់ទន្លេនៅស្រុកស្រីសន្ធរចាក់ដីលុបទន្លេមេគង្គនេះ ក្រសួងធនធានទឹកបានចេញសេចក្តីព័ត៌មានអំពីទិដ្ឋភាពច្បាប់ដែលត្រូវប្រឈមទំនង ជាចង់ដាស់តឿន អាជ្ញាធរខេត្តកំពង់ចាមឲ្យដឹង។ ប៉ុន្តែចៅហ្វាយខេត្តកំពង់ចាម ធ្វើមិនដឹងមិនឮដោយគ្រាន់តែនិយាយថា បានបញ្ជូនសំណុំរឿងទៅតុលាការហើយ។ សំណុំរឿងដែលលោកអ៊ុន ចាន់ដា និយាយនោះទំនងជាក្រដាសភ្ជាប់ជាមួយនឹងអក្ខរាវិរុទ្ធខ្មែរ ប៉ុន្មានទំព័រដើម្បីបញ្ចប់បញ្ហាតែប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលក្រសួងធនធាន ទឹកលើកឡើងអំពីទិដ្ឋភាពច្បាប់ មិនត្រូវបានអាជ្ញាធរខេត្តកំពង់ចាមលើកមកអនុវត្តទេ។

ក្រសួងធនធានទឹករំលឹក រឿងចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត អ្នកប្រព្រឹត្តអាចជាប់ពន្ធនាគារពីមួយ (១) ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ។ ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទ ល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖”ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០ ០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។

នេះគឺជាច្បាប់ដែលនៅជាធរមាននៅឡើយ។ ហេតុអ្វី បានជាលោកអ៊ុន ចាន់ដា មិនយកច្បាប់នេះទៅអនុវត្ត ទៅវិញ បែរជឿទុកឱកាសឲ្យ លោកឧកញ៉ាអ៊ាង មើល ងាយស្ថាប័នជាតិយ៉ាងដូច្នេះទៅវិញ។ ទាំងខ្មែរក្នុងស្រុកនិងខ្មែរក្រៅស្រុក យល់ឃើញថា អ្វីដែលលោកឧកញ៉ាអ៊ាងបាននិយាយ គឺជាការមើលស្រាលចំពោះច្បាប់ប្រទេសជាពិសេសគឺមើលស្រាលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុក ថ្នាក់ខេត្ត និងប្រទេសទាំងមូល។ ដូច្នេះគេរំពឹងថា ច្បាប់ព្រះរាជាណាចក្រដែលមានជាធរមាននោះ មិនត្រូវបានបុគ្គលណាម្នាក់រំលោភបំពានងាយៗ ដូចលោកឧកញ៉ាអ៊ាងនេះបានឡើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299