មន្ត្រីយោធា១រូបឈ្មោះលឿង សុវាត ត្រូវគេប្រាប់ថា ជាឈ្មួញឆក់កណ្ដៀត១រូបដែរ ក្នុងការនាំលៀសចេញមកពីតំបន់បឹងទន្លេសាប នៃខេត្តពោធិ៍សាត់ ឆ្ពោះទៅប្រទេសវៀតណាមឬប្រទេសចិន។ យ៉ាងណាក៏ដោយ អ្វីដែលសំខាន់នោះគឺក្នុងនាមតួនាទីជាមន្ត្រីយោធាលោកលឿង សុវាត បានប្រើអំណាចនិងតួនាទីភាពសង្កត់សមត្ថកិច្ចដទៃជាពិសេសរដ្ឋបាលជលផល ដោយការដឹកជញ្ជូនលៀសមិនខ្វល់ពីជំនាញអ្វីទេ។ ឈ្មួញម្នាក់នេះហាក់បី ដូចមានមហិទ្ធិរិទ្ធ យ៉ាងខ្លាំងដោយគេមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានមកក្បែរនោះឡើយ បើទោះជាការប្រតិកម្មពីប្រជាពលរដ្ឋនៅតំបន់នោះក៏ដោយ។
ប្រភពរាយការណ៍ថា ករណីខុសច្បាប់ដដែលៗកំពុងកើតឡើង ដោយសារលៀសនៅតែបន្តដឹកចេញឥតឈប់ឈរពីសំណាក់ថៅកែឈ្មោះសន វ៉ាន់នី និងឈ្មោះ លឿង សុវាត ហៅថាន់ ដែលគេស្គាល់ថាជាយោធា និងឈ្មោះ សៀម,តាម៉ុង នៅតែបន្តដឹក ជញ្ជូនពីមាត់ទឹកតំបន់កំពុងលួងឡើងឡានកាត់ មុខស្នាក់ការរបស់លោក យូ វិចិត្រនិងលោក ភុន សុវណ្ណា រួចបន្តទៅវៀតណាមរាប់សិបឡានរៀងរាល់យប់ដោយមានក្រុមសមត្ថកិច្ច២ នាក់ប្រដាប់ដោយអាវុធឈរមើល(កាង)អ្នកលើកលៀសឡើងលើរថយន្ត។ ប្រភពរាយការណ៍ថា លោកលឿង សុវាត ប្រើតួនាទីជាមន្ត្រីយោធាប្រដាប់អាវុធគំរាមគេឯងក្នុងរបររកស៊ីនាំលៀសខុសច្បាប់នេះ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានឲ្យ ដឹងថា បច្ចុប្បន្នលៀសនាំចេញលក់ចែកចាយក្នុងស្រុកគឺសមត្ថកិច្ចមិនធ្វើហាមឃាត់នោះទេ ប៉ុន្តបើលៀសឈ្មួញធ្វើអាជីវកម្មនាំចេញទៅក្រៅប្រទេស គឺសមត្ថកិច្ចត្រូវតែធ្វើការហាមឃាត់ឲ្យខាងតែបាន។ លោកបានបន្តថា នៅរដូវកាលនេះកំលាំងលោកបាននឹងកំពុងសហការបណ្ដាកំលាំងពាក់ព័ន្ធ ចុះបង្រ្កាបរាល់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ ឬលៀសនាំចេញទៅក្រៅស្រុកជាបន្តបន្ទាប់។ អ្នកណាក៏ដោយ ប្រភពពីសមត្ថកិច្ចថ្នាក់ក្រោមខ្សឹបថា នោះគ្រាន់តែជាការឆ្លើយដោះសារ របស់លោកនាយខណ្ឌប៉ុណ្ណោះ។ ផ្ទុយទៅវិញឈ្មួញនៅ តែនាំចេញលៀសទាំងគឃ្លើន ពីព្រោះពួកគេបានទិញមន្ត្រីជលផលតាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានសង្កាត់, ផ្នែករួចរាល់អស់ហើយ។
ប្រភពរាយការណ៍ថា លោកលឿងសុវ៉ាត មន្ត្រីយោធានៅខេត្តពោធិ៍សាត់បានធ្វើអ្វីៗស្រេចតែ នឹងចិត្តជាពិសេសរបររកស៊ីនាំលៀសទៅក្រៅប្រទេសនេះ។ លោកមិនខ្វល់ចំពោះនរណាទាំងអស់ ស្របពេលដែលមានសេចក្តីរាយ ការណ៍ថា ក្នុងតួនាទីជាមន្ត្រីយោធានេះ លោកមានរបរ ជាអ្នករកស៊ីប្រព្រឹត្តល្មើស ជាច្រើនករណីផងដែរ។ គេមិនដឹងថា តើមន្ត្រីយោធាថ្នាក់ដឹកនាំ នៅខេត្តពោធិ៍សាត់បានជ្រាបអំពីករណីនេះដែរឬយ៉ាងណាទេ។ តើស្ថាប័នកងទ័ពគួរត្រួតពិនិត្យទង្វើរបស់មន្ត្រីយោធាលឿង សុវាតនៅខេត្តពោធិ៍សាត់នេះដែរឬយ៉ាងណា?។
អ្វីដែលជាចំណោទកំពុងកើតឡើងនោះ គឺសកម្មភាពនៃការដឹកលៀសចេញពីតំបន់កំពង់លួង ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ដែលជាទង្វើខុសច្បាប់នៅតែកើតមានជារៀង រាល់ថ្ងៃ។ សមត្ថកិច្ចរដ្ឋបាលជលផល ដឹងយ៉ាងច្បាស់ថា ការដឹកលៀសល្អិតៗតូចៗ ជាចំណីសត្វយកទៅប្រទេសវៀតណាម គឺជាទង្វើខុសច្បាប់យ៉ាងពិតប្រាកដ ហើយក៏ធ្លាប់បានណែនាំនិងផាកពិន័យច្រើនដង ចំពោះឈ្មួញដែលជាអ្នករកស៊ីនាំលៀសទៅប្រទេសវៀតណាមនោះដែរ។ តើហេតុអ្វីបានជាពួកឈ្មួញ នៅតែបន្តរកស៊ីដឹកលៀសនាំទៅប្រទេសវៀតណាម បានដោយជោគជ័យទាំងយប់ទាំងថ្ងៃរហូតដល់សព្វថ្ងៃនេះ។ ករណីនេះក្រសួងកសិកម្មរដ្ឋាប្រមាញ់និងនេសាទ គួរដាក់កម្លាំងពិនិត្យមើលសកម្មភាពមន្ត្រីជលផលនៅតំបន់ក្រគរនៃខេត្តពោធិ៍សាត់និងផ្នែកខ្លះនៃខេត្តកំពង់ឆ្នាំងនោះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299