សង្គម

លោកសុខ វណ្ណារិទ្ធ អភិបាលរងស្រុកអូរាំងស្រវឹងអួទីនួដកកាំភ្លើងភ្ជង់គេផ្អើលពេញផ្លូវ

ខេត្តមណ្ឌលគិរី ៖ សាក្សីជាច្រើន ក៏ដូចជាជនរងគ្រោះនៅក្នុងហេតុការណ៍បាននិយាយថា ចៅហ្វាយរងស្រុកអូររាំង ខេត្តមណ្ឌលគិរីម្នាក់គឺលោកសុខ វណ្ណារិទ្ធ ក្នុងស្ថានភាពស្រវឹងអួទីនួកាលពីយប់ថ្ងៃទី ១៦ កុម្ភៈ បានដកកាំភ្លើងភ្ជង់គេឯងបណ្ដាលឲ្យមានការភ័យខ្លាចទាំង យប់លើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវបត់ចូលសាលាស្រុកអូរាំង។

ងាកមកមើលនៅក្នុងហេតុការណ៍នោះវិញ ប្រភពជា ច្រើនបាននិយាយដូចគ្នាថា រថយន្តលោកធំដែលជាអភិបាលរងស្រុកអូរាំង បានប្រដេញរថយន្ត១ គ្រឿងដែលកំពុងបើកបរដោយមេបញ្ជាការយោធាស្រុកអូរាំង ដោយបញ្ជាឲ្យឈប់ ហើយលោកអភិបាលរងស្រុកវ័យក្មេងរូបនេះក៏ដកកាំភ្លើងខ្លីភ្ជង់ ថែមទាំងប្រើពាក្យប្រមាថកាតទានផ្សេងៗ លើលោកមេយោធាស្រុកនោះទៀតផង។ មួយសន្ទុះក្រោយមក គេក៏ឃើញលោកអធិការស្រុកចុះជួយមកអន្តរាគមន៍តែក៏ត្រូវលោក សុខ វណ្ណារិទ្ធ រេកាំភ្លើងភ្ជង់ទៀត។ ហេតុការណ៍នេះបានបង្ក ឲ្យមានការភ្ញាក់ផ្អើលភ័យខ្លាច ដល់ពលរដ្ឋនិងអាសូរដល់សីលធម៌របស់មន្ត្រីខ្មែរដែលធ្លាក់ដាបចង់យ៉ាប់ជាងធូលីដីហើរតាមចិញ្ចើមផ្លូវ ។

អ្នកភូមិនៃទីប្រជុំជនស្រុកអូរាំងនិយាយថា លោកសុខវណ្ណារិទ្ធ គឺជាអភិបាលរងស្រុកដែលមានវ័យក្មេងជាងគេហើយមើលទៅហាក់ដូចជាកោងកាចបន្តិច និងចូលចិត្តសំងែងកាំភ្លើងស្ទើរ២៤ម៉ោងក្នុង១ថ្ងៃ។ អ្នកភូមិនិយាយថា លោកសុខ វណ្ណារិទ្ធ មិនមែនជាទីពុំនាក់ ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញនៅពេលឃើញលោកអភិបាលរងស្រុករូបនេះ ទោះស្ថិតក្នុងស្ថាន ភាពស្រវឹងឬមិនស្រវឹង ក៏ដោយ គេតែងតែដើរជៀសពី ព្រោះលោកហាក់ដូចជាឃោរឃៅ និងមានអំនួតហួស ហេតុពេក។ យ៉ាងណា ប្រជាពលរដ្ឋមិនហ៊ានងើបមុខមើលលោកចំនោះទេ ហើយក៏សម្ដែងនូវការសោកស្ដាយចំពោះអាជ្ញាធរ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាខេត្ត មណ្ឌលគិរីដែលតែងតាំងលោកសុខ វណ្ណារិទ្ធ ឲ្យធ្វើជាអភិបាលរងស្រុកអូរាំង ដែលញ៉ាំងឲ្យប្រជាពលរដ្ឋភ័យ ខ្លាចរួញខ្លួន។

លោក សុខ វណ្ណារិទ្ធ អភិបាលរងស្រុកអូរាំងដ៏ឧត្តុងឧត្តមនិយាយថា នោះជាការយល់ច្រឡំ,តាមពិតពុំមាន ការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេព្រោះសុទ្ធតែគ្នាឯង…ដោយខាងខ្ញុំមានកាំភ្លើង ហើយម្ខាងទៀតក៏មានកាំភ្លើងខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន,ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកលោកអភិបាលរងស្រុក ដ៏មហិមាបានសរសេរដោយទំនងជាមានខ្លឹមសារចំអកថា “ខ្ញុំនៅផ្ទះធម្មតាទេ”នោះគឺ បើទោះជាដកកាំភ្លើងភ្ជង់ មេយោធាស្រុកយ៉ាងណាក៏ដោយ ក៏លោកមិនមានបញ្ហាអ្វីដែរ ហេស ហេ ! !

យ៉ាងណាក៏ដោយសំណុំរឿងនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋបានស្នើឱ្យក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្ត មណ្ឌលគិរី មេត្តាពិនិត្យឡើងវិញចំពោះក្រមសីលធម៌របស់មន្ត្រីចំពោះការប្រើប្រាស់អាវុធអានាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សន្តិសុខផ្លូវចិត្តពលរដ្ឋ និងប្រទេសជាតិ ខណៈដែលពាក្យសន្តិភាពត្រូវបានប្រតិបត្តិដោយការដឹងគុណនៅគ្រប់ច្រកល្ហក នៃកម្ពុជានោះ ៕