ជីវិតកម្សាន្ត

អ្នកភូមិក្នុងតំបន់អង្គរប្រារព្ធពិធីឡើងមាឃនាថ្ងៃ៣កើតដែលជាទំនៀមពីបុរាណ

រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ តែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមក។

ពិធីឡើងមាឃឬឡើងអ្នកតានៅឆ្នាំនេះ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជាភូមិបង្កោង ឃុំអំពិល ភូមិសំរោង ឃុំលាងដៃ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ភូមិក្រសាំងរំលើង សង្កាត់សៀមរាប។ល។ នៅតែបន្តប្រារព្ធពិធីដែលជាទំនៀមពីបុរាណមិនដាច់។

ពិធីឡើងមាឃឬពិធីឡើងអ្នកតា តែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ អ្នកភូមិដែលចូលរួមក្នុងពិធីនេះ បាននាំយកម្ហូបអាហារ បាយសម្ល ភេសជ្ជៈ ផ្លែឈើជាដើម ដើម្បីធ្វើពិធីសែន និងថ្វាយនៅតាមរោងអ្នកតា ឬរូបសំណាកដែលអ្នកភូមិគោរព។ អ្វីដែលមិនអាចខ្វះបាននោះ គឺនំបញ្ចុក។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវផងដែរ។

នៅតំបន់ខ្លះដូចជាគោកតារាជមានរៀបចំភ្លេងបុរាណថ្វាយ និងរៀបចំរៀងអធិកអធម តែតំបន់ខ្លះទៀត ដូចជាភូមិសំរោង អ្នកភូមិរៀបចំតូចតាច មានអាហារដាក់ក្នុងថាសតូចៗ សែនថ្វាយមុខខ្ទមអ្នកតា ដោយពុំមានភ្លេងប្រគំកំដរអ្វីឡើយ៕