ត្រឹមតែរយៈពេល ៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ជនរងគ្រោះទាំង ២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន ៣៥ករណី នៅទូទាំងប្រទេសដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន ៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន ១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន ៩នាក់ និងរបួស ២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន ៨នាក់ និងរបួស ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប ១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១ករណី ស្លាប់ ៦នាក់ និងរបួស ១១នាក់។
អ្នកនាំពាក្យរងបន្តទៀតថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយ ដោយបញ្ហានេះជារបៀបវារៈអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ (បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) របស់ក្រសួងមហាផ្ទៃ។
លោកបានឱ្យដឹងទៀតថា ដោយប្រតិបត្តិតាមអនុសាសន៍របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាពិសេសការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់៕