សង្គម

មនុស្ស៥នាក់ស្លាប់ និង២នាក់របួសធ្ងន់ ក្រោយក្រឡាប់រថយន្តនៅលើផ្លូវល្បឿនលឿន

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវល្បឿនលឿន ក្នុងទិសដៅទៅខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ២០ ក្នុងខេត្តកំពង់ស្ពឺ ដោយរថយន្ត Alphard មួយគ្រឿងពណ៌-ស មួយគ្រឿងបានបើកក្រឡាប់ជាច្រើនជុំ បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និងរងរបួសធ្ងន់២នាក់។

បើតាមការបញ្ជាក់ពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អាចដោយសារជនរងគ្រោះបើកបរក្នុងស្ថានភាពងងុយដេក ទើបរេចង្កូតចេញពីផ្លូវជ្រុលទៅបុកជាមួយរនាំងការពារផ្លូវគល់ស្ពាន បណ្តាលឱ្យរថយន្តរបស់ជនរងគ្រោះក្រឡាប់ជាច្រើនជុំ​ និងធ្វើឱ្យមានអ្នកស្លាប់៥នាក់ និងរងរបួសធ្ងន់២នាក់ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានសំដែងការសោកស្ដាយជាមួយគ្រួសារជនរងគ្រោះ ជាពិសេសគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខាងលើ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ចំណែកអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ និងត្រូវចេះគោរពសិទ្ធិគ្នាទៅវិញទៅមក អំឡុងពេលបើកបរលើដងផ្លូវដើម្បីសុវត្ថិភាពរាងៗខ្លួន៕