នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានដឹកនាំក្រុមមន្រ្តី ចុះទៅធ្វើការពិនិត្យស្ពានកំពង់ចកទី២ ស្ថិតនៅតាមបណ្តោយផ្លូវខេត្តលេខ១២៩ ដែលត្រូវជួសជុលបន្ទាន់ បន្ទាប់ពីគ្រេចបាក់ដែកស្ពាន។
សូមបញ្ជាក់ថា ស្ពានកំពង់ចកទី២ គឺជាស្ពានដែកបេឡេឌុបសាំង ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ខេត្តកណ្តាល និងខេត្តតាកែវ ក្នុងការសម្រួលចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗ។
យ៉ាងណាក៏ដោយ ក្រោយពីមានការបាក់ដែកស្ពាននេះ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានប្រកាស ដោយធ្វើការហាមឃាត់មិនឲ្យរថយន្តធុនធំឆ្លងកាត់ឡើយ រហូតដល់ស្ពាននេះធ្វើការជួសជុលរួចរាល់។
ក្នុងនោះ រថយន្តធុនធំទាំងអស់ដែលឆ្លងកាត់ផ្លូវខេត្តលេខ១២៩ សូមបញ្ចៀសចរាចរណ៍ទិសដៅពីខេត្តតាកែវទៅស្រុកកោះធំ ខេត្តកណ្តាលត្រង់គីឡូម៉ែត្រលេខ ២១+៦០០ (រង្វង់មូលព្រៃល្វា) ឆ្ពោះទៅផ្លូវខេត្តលេខ ១២៣ និងទិសដៅពីស្រុកកោះធំ ខេត្តកណ្តាល មកខេត្តតាកែវ ត្រង់ផ្លូវជាតិលេខ២១ (ផ្សារព្រែកបិ)៕