ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ២០២៤នេះ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងខែមករាឆ្នាំមុន ខណៈចំនួនភ្ញៀវទេសចរជាតិថយចុះ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបចំនួន ១១៥ ៥៣២នាក់ កើនឡើង ៤៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧ ៤៣៦នាក់។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិមានថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករា ឆ្នាំ២០២៤នេះ មានចំនួន ១៥៣ ៩០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២០៦ ០០០នាក់។
ទន្ទឹមនោះ ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២៧ម៉ឺននាក់នោះ បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និងរមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត៕