ខេត្តមណ្ឌលគិរី៖ ឆ្លើយតបជាមួយបណ្តាញសារព័ត៌មាន ពេញចិត្តមេឌា អំពីករណីក្រុមលោកយូរ ប៊ុនស្រៀង ក្នុងនាមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងក្រុមលោកស៊្រុន ក្នុងនាមនគរបាលថ្នាក់ជាតិប្រចាំខេត្តមណ្ឌលគិរី ដែលពួកគេយ៉ាងហោចណាស់មានគ្នា ៤នាក់កំពុងអុកឡុកនៅតាមផ្លូវនិងក្នុងព្រៃ នៅខេត្ត មណ្ឌលគិរី នោគឺលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃមានប្រសាសន៍ថា ប្រសិនបើពួកគាត់ធ្វើការដោយមិនមានលិខិតបេសកកម្ម ចេញពីនាយកដ្ឋានឬពីអគ្គស្នងការនគរបាលជាតិទេនោះ វាជាទង្វើខុសច្បាប់ ហើយលោក នឹងរាយការណ៍អំពីបញ្ហានេះជូនថ្នាក់ដឹក នាំដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេតបន្ត។
លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃមាន ប្រសាសន៍ថា បើយោងតាមច្បាប់ ពួកគាត់ត្រូវមានសេចក្តីសម្រេចអំពីការបង្កើតក្រុមការងារ ចុះទៅតាមបណ្ដាខេត្តឬតំបន់ ឬក៏ត្រូវមានលិខិតបេសកកម្មទៅតំបន់ណាមួយ។ លោកសង្កត់ធ្ងន់ថា” បើគ្មានលិខិតបេសកកម្មនោះគឺជាការបំពេញបេសកកម្មដែលខុសពីការងាររដ្ឋបាល”។ យ៉ាងណាក៏ដោយ” ខ្ញុំនឹងផ្ដល់ជូនកិច្ចការងារនេះជូនថ្នាក់ដឹកនាំ ពិនិត្យតាមដានដើម្បីអនុវត្តតាមច្បាប់”។
មន្ត្រីសាលាខេត្តមណ្ឌលគិរីឲ្យដឹងថា ថ្នាក់ដឹកនាំខេត្តបានបង្ហាញនូវការបំពេញចិត្ត ចំពោះវត្តមានក្រុមមន្ត្រីនគរបាលទាំងពីររូប ហើយលោកអភិបាលខេត្តក៏ធ្លាប់បានស្នើឲ្យចៅហ្វាយក្រុងសែនមនោរម្យត្រួតពិនិត្យមើលករណីក្រុមលោក យូរ,ប៊ុនស្រៀង ដាក់កុងត្រូលបញ្ចេញក្បាលឡានចាំប្រដេញរថយន្ត ដែលពួកគេសង្ស័យដឹក ជញ្ជូនបទល្មើស។ បើទោះជាយ៉ាងណាក៏ដោយអាជ្ញាធរក្រុងសែនមនោរម្យនៅតែមិនអាច”ធ្វើ” ក្រុមលោកយូរ ប៊ុនស្រៀង បែកដដែល ហើយទីបំផុតអាគាធិការក្រសួង មហាផ្ទៃបានកោះហៅលោកយូរប៊ុនស្រ៊ៀង និងសហការីឲ្យចូលបំភ្លឺករណីដែលបង្កឲ្យមានការរិះគន់។ បន្ទាប់មកក៏មានសេចក្តីរាយការណ៍ពីមន្ត្រីសាលាខេត្តមណ្ឌលគិរីឲ្យដឹងថា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ មិនអនុញ្ញាតឲ្យក្រុមលោកយូរ ប៊ុនស្រ៊ៀង បន្តធ្វើ សកម្មភាពនៅខេត្តមណ្ឌលគិរីទៀតទេ។ ពោលគឺមិនចេញលិខិតបេសកកម្មហើយមកធ្វើព្យុះភ្លៀងអុកឡុកនៅខេត្តមណ្ឌលគិរីនោះទៀតឡើយ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកដឹកទ្វារបង្អួចនិងគ្រឿងសង្ហារឹមត្រូវចុះយកលុយទៅបង់ជូនលោកទិន វាសនា និងកូនប្រុសលោកស្រ៊ុន ក្នុង១ ជើង ២ម៉ឺនរៀល។ ប្រសិនបើមិនបង់ទេ រថយន្តរបស់លោកយូរ ប៊ុនស្រ៊ៀង មុខជាត្រូវចេញប្រដេញហើយទារលុយច្រើនធ្វើដងពីអ្នកដឹកជញ្ជូនទំនិញទាំងនោះ។ មកដល់ ពេលនេះបើតាមស្ដីរាយការណ៍ឲ្យដឹងថា ពួកគេហាក់ ដូចជាបន្ធូរដៃបន្តិច ចំពោះសកម្មភាពដែលត្រូវប្រដេញតាមចាប់រថយន្តសង្ស័យថាដឹកបទល្មើស។ ប៉ុន្តែគ្រប់អ្នករកស៊ីដឹកគ្រឿងសង្ហារឹមទ្វារបង្អួច ក៏ដូចជាបទល្មើសផ្សេងៗត្រូវបានក្រុមលោកយូរ ប៊ុនស្រៀង ទូរសព្ទគំរាមទារលុយជារៀងរាល់ថ្ងៃ។
ប្រភពរាយការណ៍ថា ទាំងលោកស្រៀង និងលោកស្រ៊ុន ក៏ដូចជាសហការីរៀងៗខ្លួន នៃពួកគេបានដើរនិយាយថា ពួកគេមិនញញើតអ្វីនោះទេ ពីព្រោះក្នុងនាមនគរបាលសេដ្ឋកិច្ច(ស្រៀង) ក៏ដូចជានគរបាលថ្នាក់ជាតិ (ស្រ៊ុន) មិនមែនលេបតែពួកគេ២នាក់នេះទេ ពោលគឺលុយដែលបានពីការដាក់កុងត្រូលជជុះ និងយកពីបទល្មើសនានានោះ ពួកគេបានចែករំលែកឲ្យមេៗថ្នាក់លើនោះដែរ។ គេមិនដឹងថា តើទាំងលោកយូរ ប៊ុនស្រៀង និងលោកស្រ៊ុន ទទួលបទបញ្ជាផ្ទាល់មាត់ ពីឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឬក៏នាយឧត្តមសេនីយ៍ ស ថេត យ៉ាងណានោះទេបានជាពួកគេហ៊ានប្រព្រឹត្តអំពើមិនគប្បីជាចំហរ យ៉ាង នេះ? ចំណុចនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ក៏ដូចជាអគ្គស្នងការនគរបស់ជាតិទំនាយឧត្តមសេនីយ៍ស ថេត គួរបំភ្លឺជូនសាធារណៈជនបានជ្រាបផង។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា បានវះកាត់សាច់ស្អុយជាច្រើន តាមរយៈការដកដំណែង, បណ្ដេញចេញពីក្របខ័ណ្ឌ និងទម្លាក់បុណ្យសក្តិជាដើម ចំពោះមន្ត្រីខិលខូចមួយចំនួនកន្លងមកហើយ។ ប៉ុន្តែសម្រាប់លោកយូរ ប៊ុនស្រៀង,សហការីទីន វាសនា និងលោកស្រ៊ុន និងកូន….ធ្លាប់មានរឿងអាស្រូវជាយូរមក ហើយ មានទាំងភស្តុតាងក្រដាសវេរលុយវិងទៀតផង។ប៉ុន្តែមកដល់ពេលនេះ នៅតែមិនអាចធ្វើអ្វីលោកស្រៀង និងលោកស្រ៊ុន បានដដែល។ ពួកគេទាំងពីរនាក់ ត្រូវអ្នករកស៊ីដឹកជញ្ជូនទំនិញកសិផលបន្តិចបន្តួច ចេញពីទឹកដីខេត្ត មណ្ឌលគិរីនិយាយថា ពួកគេជានគរបាលមានឥទ្ធិពលខ្លាំងណាស់ សូម្បីតែឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីស សុខា ក៏មិនញញើតនោះដែរ។ មិនញញើត,មិនខ្លាច ក៏ព្រោះតែពួកគេទាំង៤នាក់ ប្រព្រឹត្តអំពើផ្ដេសផ្ដាសបំពានច្បាប់ប្រទេសមដោយគ្មានលិខិតបញ្ជាបេសកកម្មអ្វីឡើយ បើទោះបីជាក្រសួង មហាផ្ទៃធ្លាប់បានកោះហៅពួកគេ ទៅសួរនាំរឿងប្រព្រឹត្តអំពើផ្ដេសផ្ដាសបង្កើតកុងត្រូលទៅជជុះនៅខេត្តមណ្ឌល គិរីរួចម្ដងមកហើយក៏ដោយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299