សង្គម

ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ សមាគមសម្ព័ន្ធ​យុវជន​ខ្មែរដេីម្បី​ប្រជាធិបតេយ្យ​ ប្រចាំសាខាខេត្ត​ព្រះសីហនុ​ និង​សម្ពោធ​ការជីកអណ្តូងទឹក​ជូនប្រជាពលរដ្ឋនៅក្នុងភូមិចាំស្រី​ គីឡូលេខ១០

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធ​យុវជន​ខ្មែរដេីម្បី​ប្រជាធិបតេយ្យ​ បានរៀបចំធ្វើពិធីប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ ប្រចាំសាខាខេត្ត​ព្រះសីហនុ​ និង​សម្ពោធ​ការជីកអណ្តូងទឹកចំនួន១​ ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិចាំស្រី​ គីឡូលេខ១០​ ឃុំកំពង់សិលា​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​​ ក្រោមអធិបតី​ភាព​ លោកថាន់​ ណារិន​ ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ ប្រជាជនកម្ពុជា។

ឆ្លៀតឱកាសនោះលោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថ្លែងថាលោកពីមុនក៏ជាអតីតគណបក្សប្រឆាំងដែរតែពេលនេះលោកបានចូលរួមរស់ក្នុងជីវភាពនយោបាយគណបក្សប្រជាជនវិញក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថារាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅនិងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែនគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន ប្រទេសយើងបាន បើកដំណើរការសេដ្ឋកិច្ច សង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។

មុននឹងបញ្ចប់អង្គពិធីលោកទីប្រឹក្សាសម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ សូមឈប់ជឿក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នសូមបងប្អូនទាំងអស់ចូលរួមចំណែករក្សាស្ថេរភាព សន្តិភាពរដ្ឋាភិបាលយើងឱ្យបានគ្រប់គ្នាអរគុណសន្តិភាពបើគ្មានសន្តិភាពទេពួកយើងទាំងអស់គ្នាគ្មានថ្ងៃនេះដែរ៕