អាជីវកម្មអាចម៍ដី និងរណ្តៅដី សង្ស័យអត់ច្បាប់ ជីកកាយយកអាចម៍ដី មានជំរៅជ្រៅដល់ក្បាលប្រែតរបស់ឈ្មួញ ឈ្មោះឈីវ ស្ថិតនៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្ររបស់ខ្លួនដោយសេរី នៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកឯកភ្នំ និងមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។
ប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានអោយដឹងថា៖ ទីតាំងរណ្តៅដីមួយកន្លែងនេះ កំពុងបន្តអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដី ដឹកជញ្ជូនទៅលក់យកលុយដាក់ហោប៉ាវ ដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែ និងខ្សោះទឹកក្នុងស្រែ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងឃុំពាមឯក ហុយដីងងឹតមេឃងងឹតដី បង្កឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្បែរខាងនោះយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស និងជ្រៅដល់ក្បាលប្រែតនេះ តើលោក មុិល សុផល អភិបាលស្រុកឯកភ្នំ បានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ ?តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ?
ចំណែកឯលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាឲ្យដឹងថា ចំពោះច្បាប់អាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះឈីវ នៅចំណុចខាងលើ គឺ លោកមិនបានដឹងនោះទេ ហើយរុញអោយពេញចិត្តមេឌា ទៅសួរលោកមិលសុផល ចៅហ្វាយស្រុកឯកភ្នំវិញទៅ ទើបដឹងថាមានច្បាប់ឬអត់ច្បាប់ ព្រោះអាជីវកម្មនោះនៅក្នុងទឹកដីស្រុកឯកភ្នំនិងបានបន្តអោយដឹងទៀតថា ស្អែកនេះលោកនិងអោយក្រុមការងារចុះទៅត្រួតពិនិត្យ។
រីឯលោកមិល សុផល ចៅហ្វាយស្រុកឯកភ្នំ លោកឆ្លើយមិនរួចទេ ចំពោះសំនួរដែលពេញចិត្តមេឌា បានសួរថា តើអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះឈីវ នៅចំណុចខាងលើមានមានច្បាប់អនុញ្ញាតដែរឬទេ?លោកមិល សុផល បានត្រឹមតែឆ្លើយថា ចាំសួរឃុំសិន ឥឡូវនេះឆ្លើយមិនទាន់បានទេ។
ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299