សង្គម

ចាប់ខ្លួនមន្រ្តីប៉ូលិស និងប្រជាការពារ៣នាក់ ក្រោយធ្វើ​សកម្មភាព​គាបយកលុយយុវជន​៥នាក់នៅពេលយប់

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះម្នាក់ជាមន្ត្រីនគរបាលនៃប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ និង២នាក់ទៀតជាប្រជាការពារ ក្រោយពីធ្វើសកម្មភាពគាបយកលុយពីយុវជន ៥នាក់ នៅពេលយប់។

យោងតាមរបាយការណ៍របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថា បន្ទាប់ពីធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ កម្លាំងបានឈានដល់ការឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ១នាក់ រួមនឹងប្រជាការពារចំនួន ២នាក់ទៀត ពីបទកំហែងយកប្រាក់។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ, ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និងអនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យុវជនចំនួន៥នាក់ បានចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ក្រោយទទួលព័ត៌មាននេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារឱ្យធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ១នាក់ រួមនឹងប្រជាការពារចំនួន ២នាក់ទៀត ពីបទកំហែងយកប្រាក់។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕