សង្គម

ពហុកីឡដ្ឋានជាតិនឹងអាចផ្ទុកទស្សនិកជនបានដល់ ៣០,០០០នាក់ក្រោយបំពាក់កៅអីថ្មីរួចរាល់

ក្រោយការបំពាក់កៅអីថ្មីរួចរាល់ ពហុកីឡដ្ឋានជាតិរបស់កម្ពុជានឹងមានសមត្ថភាពអាចផ្ទុកទស្សនិកជនសរុបចំនួន ៣០,០០០នាក់។ នេះបើតាមការឱ្យដឹងពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ ដែលមហាជនអ្នកគាំទ្រវិស័យកីឡាជាតិតែងហៅថា “ស្តាតអូឡាំពិក” ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចបំពាក់កៅអីថ្មីដែលមានបង្អែកឱ្យស្របតាមស្តង់ដារកីឡដ្ឋានប្រកួតរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្រោយពីទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបានកញ្ចប់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារពីសមាគមបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បញ្ជាក់ប្រាប់អ្នកសារព័ត៌៌មានឱ្យដឹងថា៖ “កាលពីមុនរាល់ការប្រកួតអន្តរជាតិម្តងៗ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែចំណាយពេលចរចាជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីជានិច្ច ដើម្បីទទួលបានការអនុញ្ញាតឱ្យលក់សំបុត្រនៅតំបន់ដែលគ្មានកៅអី។ ជានិច្ចកាល ស្នងការប្រកួតបរទេសអន្តរជាតិរបស់ AFC និង FIFA ពុំអនុញ្ញាតឱ្យយើងលក់សំបុត្រនៅតំបន់គ្មានកៅអីឡើយ ហើយសូម្បីតែកៅអីដែលគ្មានបង្អែកដែលយើងបានបំពាក់មុនព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែពេលនេះពហុកីឡដ្ឋានជាតិរបស់យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយក្នុងការទទួលទស្សនិកជនទស្សនាការប្រកួតអន្តរជាតិនានា ដោយពុំចាំបាច់ចរចាដើម្បីទទួលបានការអនុញ្ញាតឡើយ”។

លោក កែវ សារ៉េត បានបញ្ជាក់ថា ក្រោយពេលបំពាក់កៅអីថ្មីរួចរាល់ តំបន់គ្មានដំបូលនឹងអាចផ្ទុកទស្សនិកជនបាន ២៥,០០០នាក់ បូកជាមួយតំបន់ VIP ដែលមានបំពាក់កៅអីស្រាប់ មានន័យថាពហុកីឡដ្ឋានជាតិអាចផ្ទុកទស្សនិកជនសរុប ៣០,០០០នាក់សម្រាប់ការប្រកួតអន្តរជាតិម្តងៗ។ ដោយឡែក ចំពោះកៅអីគ្មានបង្អែកដែលបានដោះចេញវិញ លោក កែវ សារ៉េត បញ្ជាក់ថានឹងទុកសម្រាប់ផ្តល់ជូនក្លិបដែលមានតម្រូវការបំពាក់នៅកីឡដ្ឋានរបស់ខ្លួន ឬអាចសម្រាប់ប្រើប្រាស់នៅទីលានមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិបាទី ប្រសិនបើមានការសាងសង់កន្លែងអង្គុយទស្សនានៅពេលក្រោយ៕