សង្គម

ក្រសួងធនធានទឹកអំពាវនាវពលរដ្ឋខេត្តតាកែវកុំដណ្តើមគ្នាបូមទឹកសង្គ្រោះស្រូវប្រាំង

default

ស្របពេលកម្ពុជាកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពដំណាំស្រូវប្រាំងក្នុងតំបន់មួយចំនួនក្នុងឆ្នាំ២០២៤នេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះបូមទឹកជួយសង្គ្រោះស្រូវពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ និងអំពាវនាវពលរដ្ឋ កុំដណ្តើមទឹកគ្នា រវាងអ្នកនៅផ្នែកខាងលើ និងអ្នកនៅផ្នែកខាងក្រោមនៃប្រភពទឹក គឺត្រូវប្រើទឹកដោយការយោគយល់អធ្យាស្រ័យទៅវិញ-ទៅមក។

ការអំពាវនាវរបស់ក្រសួងនេះ ធ្វើឡើងក្នុងឱកាសក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ដ្រកសិកម្ម នៃក្រសួងធនធានទឹក បានសហការជាមួយមន្ទីរធនធានទឹកខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ចុះបូមទឹកសង្គ្រោះស្រូវរដូវប្រាំង​ជូនកសិករចំនួន ៤ ០៥០ហិកតា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ស្រូវដែលអាជ្ញាធរចុះជួយបូមទឹកសង្គ្រោះនាពេលនេះ ស្ថិតនៅ ក្នុងឃុំពត់សរ ឃុំក្រាំងធ្នង់ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ ឃុំដូង និងឃុំត្នោត ការចុះអន្តរាគមន៍នេះទៀតសោធ មន្ត្រីជំនាញប្រើប្រាស់ស្ថានីយបូមទឹក៤ ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះចំនួន៤គ្រឿង និងអេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បីកាយបើកមុខទឹកផងដែរ។

ក្រសួងអះអាងបន្ថែមថា ផែនការបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកបាទីក្នុងឆ្នាំនេះមានចំនួន ២ ០០០ហិកតា ប៉ុន្តែជាក់ស្តែងបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងរហូតដល់ ៤ ០៥០ហិកតា ដែលជាចំនួនលើសផែនការ។ តាមការពិនិត្យជាក់ស្តែងស្រូវប្រាំងនៅតំបន់នេះអាចប្រើប្រាស់ប្រភពទឹកពីបឹងទន្លេបាទី និងបឹងជើងលោង ហើយបឹងទន្លេបាទីអាចយកទឹកពីរលាំងជ្រៃ និងទំនប់៧មករា មកបំពេញបន្ថែមទៀត។ ហេតុនេះក្រសួង ណែនាំអាជ្ញាធរមូលដ្ឋានភូមិឃុំ និងប្រជាពលរដ្ឋត្រូវយកព្រួល ឬសម្រាស់ និងស្បៃចេញពីប្រឡាយកុំឱ្យស្ទះមុខទឹក ដើម្បីនាំទឹកឱ្យឆាប់ដល់គោលដៅ និងសំណូមពរដល់បងប្អូនប្រជាកសិករប្រើប្រាស់ទឹកទាំងអស់មានការអធ្យាស្រ័យ សហការគ្នា ជៀសវាងដណ្តើមទឹកគ្នារវាងអ្នកនៅខាងលើ និងអ្នកខាងក្រោមប្រឡាយ៕