សង្គម

ឃាត់ខ្លួននគរបាលខេត្តស្ទឹងត្រែងម្នាក់ និងបក្ខពួក ក្រោយ​រកឃើញ​គ្រឿងញៀន៥គីឡូក្រាម ពេលសមត្ថកិច្ចត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ជាតិស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ

ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​បាន​ឱ្យដឹងថា កាលពីរំលង​អធ្រាត​ឈានចូល​ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២៤ កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ ក្នុងនោះ​បានឃាត់រថយន្តសង្ស័យ​មួយ​គ្រឿង និង​បានរកឃើញ​គ្រឿងញៀន​ប្រមាណជា៥គីឡូក្រាម។

ក្រោយ​ការរកឃើញគ្រឿងញៀននោះ ជនសង្ស័យ២នាក់​ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗ ដោយ​ក្នុងនោះ ១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង ២-ឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍សមត្ថកិច្ច​វត្ថុតាងដែលដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕