សង្គម

ល្បីថាលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ កំពុងស្លន់ស្លោរប្រឹងរត់ការទប់តំណែង បន្ទាប់ពីបែកធ្លាយរឿងញៀនល្បែងនៅកាស៊ីណូ

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ កំពុងសប្បាយវក់វីនឹងល្បែង«កាស៊ីណូណាហ្គាវើល» ដោយក្នុងមួយខែៗ ចាញ់អស់រាប់ម៉ឺនដុល្លារអាមេរិក ខណៈប្រភពលុយត្រូវបានគេដាក់ការសង្ស័យថា បានមកពីអំពើពុករលួយពីកិបកេងថវិកាជាតិលើគំរោងសាងសង់នានានៅក្នុងខេត្ត។

លោក យឹម ប៊ុនរ៉ុម  កំពុងតែល្បីល្បាញនឹងអំពើអបាមុខនាំឆ្ពោះទៅរក «សេចក្ដីវិនាស» នោះគឺល្បែងស៊ីសងនៅក្នុង «កាស៊ីណូណាហ្គាវើល» ខណៈស្ទើររៀងរាល់សប្តាហ៍នៅថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ លោកតែងប្រើពេលមកអង្គុយបែរមុខទៅរកទូរហ្គេម ដៃដ៏រវល់របស់គាត់នោះត្រូវបានគេថតរូបកំពុងប្រតិបត្តិការ ចុចហ្គេមយ៉ាងមមាញឹកកាលពីពេលថ្មីៗនា ខែមករា ឆ្នាំ២០២៤។

អង្គុយលើកៅអីពណ៌ក្រហម យកជើងគងទាក់ខ្លា ស្លៀកខោជើងវែង ពាក់អាវសដៃវែង កោសក់យកវ៉ែនតាពាក់លើថ្ងាស និងដៃស្ដាំបញ្ជាទូរហ្គេមគឺលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្របន្ទាយមានជ័យ កំពុងតែសប្បាយវក់នឹងល្បែងស៊ីសងនៅក្នុង «កាស៊ីណូណាហ្គាវើល»។

បើយោងតាមពីក្រុមអ្នកញៀនល្បែងស៊ីសងបង្ហើបប្រាប់ ឲ្យកាសែតក្នងស្រុកមួយឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា សូមកុំច្រឡំមនុស្សដែលយើងនាំគ្នាមើលពីក្រោយនោះ គាត់មិនមែនជា តួហុងកុងទេ គឺជាលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខែត្របន្ទាយមានជ័យ (គាត់ជាជនជាតិខ្មែរ)។ គាត់បានមក ព្យាករណ៍ នៅក្នុង «កាស៊ីណូណាហ្គាវើល» គិតគូរពីរឿងសេដ្ឋកិច្ច។ ដៃរបស់គាត់ គឺរវល់ចុចទូរហ្គេមខ្នាត១០សេនដុល្លារ…។ គាត់ចុចម៉ាប៉ុក៦០ដុល្លារ ប្រឹងប្រែងណាស់…គាត់មិនបានគិតគូរអំពីប្រជាជនខ្វះខាតទឹកធ្វើស្រែចម្ការនោះទេ។ ហើយពេលគាត់ចូលលេងល្បែងក្នុងណាហ្គាវើលម្តងៗ គឺកាន់លុយទៅមិនតិចជា5ទៅ6 ម៉ឺនដុល្លារអាមេរិក។ មិនដឹងថាគាត់បានលុយពីណាមកទេ ដែលធ្វើឲ្យគេដាក់ការសង្ស័យថា បានមកពីអំពើពុករលួយលើគំរោងនានាដូចជា ជុសជុល ស្តា និងកសាងទំនប់ ប្រឡាយ ទ្វារទឹក និងសំណង់ផ្សេងៗទៀតនៅក្នុងខេត្ត ដែលមន្ទីរធនធានទឹកទួលបានគំរោងពីរដ្ឋ?

ចំណែកប្រភពពី មន្ត្រីជាន់ខ្ពស់នៃ ក្រសួងធនធានទឹក និងឧតុនិយម សុំមិនបញ្ចេញឈ្មោះលើកឡើងថា រឿងនេះអាចហើយ…បើសិនជាគាត់មិនមកលេងល្បែងស៊ីសងទេម៉េចគេថតរូបបាន ? រឿងនេះវាបានដឹងដល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន
ទឹក និងឧតុនិយម ទៅហើយ។

ទាក់ទងករណីខាងលើសាម៉ីខ្លួនលោក យឹម ប៊ុនរ៉ុម បានឆ្លើយបដិសេធជាមួយកាសែតក្នុងស្រុកមួយ តាមរយៈសារជាសំឡេងនៃប្រព័ន្ធតេឡេក្រាមថា « អូរ អូនអរគុណហើយ អត់មានទេច្រឡំមនុស្សហើយ…ៗ មិនដឹងមនុស្សខ្មែរ ឬក៍ជនជាតិ…បងនៅឯណាមេឃដី ឯណេះ…ច្រឡំហើយ…មិនមែនបងទេ…!»។

ប្រភពពីមន្ត្រីបម្រើការងារនៅ ខេត្តបន្ទាយមានជ័យ ប្រាប់ថា លោក យឹម ប៊ុនរ៉ុម គឺជាចូលចិត្តលេងល្បែងហ្នឹងមែន។ គាត់សម្បូរណ៍លុយកាក់ដោយសារ សម្បូរណ៍គម្រោងលទ្ធកម្មដេញថ្លៃចរចារចងមុង គឺក្នុងមួយឆ្នាំៗសល់លុយដុល្លារច្រើន…។

គួរបញ្ជាក់ថា បើតាមអ្នកស្គាល់លោក យឹម ប៊ុនរ៉ុម ថា គាត់គឺជាមនុស្សចូលចិត្តលេងល្បែងកាស៊ីណូ នេះណាស់ពីព្រោះធ្វើជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ សំបូរគម្រោង និងសំបូរលុយ។ បើតាមគាថា ព្រះសម្មាសម្ពុទ្ធ នៃបរាភវសូត្រ វិនាសទាំង១២កងគឺ អំពើអបាយមុខ ល្បែងស៊ីសង នាំមនុស្សទៅរកផ្លូវក្ដីវិនាសទ្រព្យសម្បត្តិនិងបុណ្យស័ក្ដិ។ រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គឺកំពុងកែទម្រង់ស៊ីជម្រៅ ដូច្នេះមន្ត្រីគ្រាប់ល្ពៅស្ងោដូច ប្រធានមន្ទីរធនធានទឹក នេះគួរតែពិនិត្យ…។

មន្ត្រីរាជការចំណុះឲ្យមន្ទីរធនធានទឹកខេត្តបន្ទាយមាន ជ័យ កំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម លើករណីបែកធ្លាយព័ត៌មានញៀនល្បែងកាស៊ីណូរបស់លោក យឹម ប៊ុនរ៉ុម និងចង់ឃើញមន្ត្រីអធិការកិច្ចក្រសួងចុះមកពិនិត្យស្រាវជ្រាវ ពីប្រភពលុយឲ្យបានច្បាស់លាស់ ថាតើបានពីប្រភពនៃអំពើពុករលួយឬយ៉ាងណា?….៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299