សង្គម

ពលរដ្ឋលើកឡើងថា ល្បែងជល់មាន់អនឡាញក្នុងក្រុងដូនកែវ ជាឆ្នាំងបាយលោកអធិការក្រុង

ខេត្តតាកែវ ៖ ក្រុងដូនកែវ ក្រៅពីមានល្បែងឡូតូរាប់សិបទីតាំង ដែលយកអាជ្ញាបណ្ណមួយសន្លឹកមកបាំងភ្នែកមហាជននោះ ក៏នៅមានល្បែងជល់មាន់អនឡាញខុសច្បាប់តាមកុំព្យូរទ័រក្បែរៗគ្នាផងដែរ។

ពិតជារីកដុះដាលខ្លាំងណាស់ ទាំង៣សង្កាត់ ក្នុងក្រុងដូនកែវ ករណីបើកទីតាំងល្បែងជល់មាន់អនឡាញ ងាកមកមើលចំណាត់ការលោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងវិញ សម្ងំឈឹង មិនបង្ក្រាប ដូចត្រូវថ្នាំសណ្តំមេល្បែងខុសច្បាប់។ ជាក់ស្តែងទីតាំងមួយចំនួននេះ គឺនៅក្បែៗផ្លូវរថយន្តចេញចូលផ្ទះរបស់លោកអធិការទៀតផង តែលោកមើលមិនឃើញទេទាំងដែលមានអ្នកលេងជាច្រើនកកកុញហោរកញ្ច្រៀវរាល់ថ្ងៃ ឬមួយជាឆ្នាំងបាយរបស់លោកអធិការក្រុងដូចមហាជនលើកឡើងហើយមើលទៅ បានជាបណ្តោយឲ្យលេងពេញទំហ៊ឹងយ៉ាងនេះ? ឯណាទៅភូមិ ឃុំមានសុវត្ថិភាព? បើកើតមានល្បែងស៊ីសងពេញមូលដ្ឋានបែបនេះនុះ!។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់អាជ្ញាធរគ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

ដោយឡែកយោងតាមច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកនេះជាអតិបរមា៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299