អាជ្ញាធរសុខាភិបាលកម្ពុជានៅថ្ងៃនេះ (២៦ មករា) បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សីចំនួន១ករណី កើតលើក្មេងប្រុសអាយុ៣ឆ្នាំ មានទីលំនៅភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បើតាមក្រសួងសុខាភិបាល បច្ចុប្បន្នអ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ។ ក្រសួងបន្ថែមថា តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។
យ៉ាងណាក៏ដោយក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវចំពោះករណីនេះ និងកំពុងបន្តស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។