សង្គម

ចាប់ពីថ្ងៃស្អែកទៅភ្លៀងនឹងធ្លាក់ខ្លាំង ក្រសួង​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និង​ឧតុនិយម បានជូនដំណឹង​នៅព្រឹក​ថ្ងៃនេះ​ថា តាម​ការ​អង្កេត​ស្ថានភាពអាកាសធាតុឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​អូសបន្លាយ​កាត់លើ​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់ជាមួយ​សម្ពាធទាប​មួយ នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់ទំនាប​កណ្តាល ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី៣ ខែតុលា នឹង​អាច​មាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច ទៅមធ្យម, បន្ទាប់​មក​នោះ នឹង​បង្កើន​ការ​ធ្លាក់រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពីបង្គួរ ទៅច្រើន ជាពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ។

បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀងធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ ទៅ​បង្គួរ ហើយ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ចាប់ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី២ ខែតុលា នឹង​អាច​មាន​ភ្លៀង​ធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច ទៅមធ្យម បន្ទាប់​មក​ភ្លៀង​នឹង​បន្ត​បង្កើន​ការ​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ ទៅច្រើន។

ជាមួយ​នឹង​ស្ថានភាពអាកាសធាតុបែបនេះ ក្រសួងបានស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្រ្តាក់ និង​ជំនន់ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​ទីទំនាប​ក្បែរ​ផ្លូវទឹក ជាប់តំបន់​ភ្នំ នៃ​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់ប្រទេសថៃ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំក្រវាញ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​នេសាទ និង​អ្នក​ដំណើរ​សមុទ្រ ក៏​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់បក់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា៕