នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ (២៥ មករា) រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការលែងប្រភេទត្រីនិងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។
រដ្ឋបាលជលផលបានលើកឡើងថា កន្លងទៅថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនេះ អាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ រដ្ឋបាលជលផលបញ្ជាក់ថា ប្រភេទត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូចនេះវានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក ចម្លងជំងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែលប្រភេទត្រី ឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។
បញ្ហានេះ រដ្ឋបាលជលផលអំពាវនាវដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។
ជាមួយគ្នានេះ រដ្ឋបាលជលផលលើកទឹកចិត្តឱ្យមានការលែងប្រភេទវារីសត្វនិងត្រីមេពូជដែលមានប្រភពនៅក្នុងស្រុក ដើម្បីបង្កើនវត្តមានឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ៕