សង្គម

សមត្ថកិច្ចបញ្ជូនខ្លួនអ្នកបើកបររថយន្តបង្កបុករះក្រោមស្ពានអាកាសឬស្សីកែវទៅតុលាការ

ទំព័រហ្វេសប៊ុកផ្លូវការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែមករា កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសដែលបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា បុរសជាអ្នកបើកបររថយន្តខាងលើត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តពាក់ព័ន្ធនឹងករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរឱ្យដឹងថា អ្នកបើកបររថយន្តទាំងស្រវឹងខាងលើមានឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់)។ ហេតុការណ៍បុករះដ៏គួរឱ្យរន្ធត់នេះបានបង្កឱ្យមានជនរងគ្រោះស្លាប់ចំនួន ៤នាក់ ទី១ឈ្មោះ៖ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ៖ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ និងទី៣ឈ្មោះ៖ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ និងទី៤ឈ្មោះ៖ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ៕