សង្គម

នៅមិនទាន់ចប់ទេ! ករណីរថយន្ត Jeep បុកមនុស្សស្លាប់ ម្តាយជនបង្ក​ប្តឹងប្រពន្ធជនរងគ្រោះពីបទបរិហារកេរ្តិ៍ជាសាធារណៈ

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនដើម្បីបន្ដនីតិវិធីច្បាប់ ទៅលើអ្នកបើកបររថយន្ដ Jeep បុកមនុស្សស្លាប់នៅខណ្ឌទួលគោកថ្មីៗកន្លងទៅ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាថ្មីនៅពេលនេះ ម្ដាយជនបង្កបានដាក់ពាក្យប្ដឹងប្រពន្ធជនរងគ្រោះវិញ ក្រោមបទចោទបរិហារកេរ្តិ៍ជាសាធារណៈ។ នេះបើតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

លោកស្រី សុខ លីណា ដែលត្រូវជាម្ដាយរបស់ ឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ភេទប្រុស អាយុ២៣ឆ្នាំ ជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់នៅខណ្ឌទួលគោក បានប្ដឹងទៅឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ស្នាក់នៅ ផ្ទះលេខ១១E0 ផ្លូវ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឱ្យចូលខ្លួនតាមដីកាកោះទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

ដីកាបញ្ជាក់ថា ជនសង្ស័យ គ្រុយ ឈិញលាំង រងការចោទប្រកាន់ចំនួនបីបទល្មើសគឺ បទបរិហាកេរ្ដិ៍ជាសាធារណៈ បទបរិហាកេរ្ដិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ។

ជាមួយគ្នានេះ សាច់ញាតិជនរងគ្រោះចំនួន៣នាក់ទៀត ក៏​ត្រូវ​បានប្តឹងដូចគ្នា ដូចជាឈ្មោះ សំរិទ្ធ សារុន ភេទប្រុស (ឪពុកធំជនរងគ្រោះ), ឈ្មោះ សៀង មួយអេង ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) និងឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ)។ អ្នកទាំងបីនេះ ក៏ត្រូវប្តឹងចោទពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ», «បរិហាកេរ្ដិ៍តាមសារព័ត៌មាន» និងបទ «ជេរប្រមាថជាសាធារណៈ»។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញនូវដីកាកោះខាងលើនេះ មហាជនបានសម្ដែងក្ដីអាណិតអាសូរដល់លោកស្រី សៀង សេរីរដ្ឋា ដែលបាត់បង់ស្វាមីជាទីស្រឡាញ់ហើយ ចំណែកបុណ្យ១០០ថ្ងៃមិនទាន់បានធ្វើផង ក៏ត្រូវរងការចោទប្រកាន់ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ , បទបរិហាកេរ្ដិ៍តាមសារព័ត៌មាន និងបទ ជេរប្រមាថជាសាធារណៈ ពីម្តាយជនបង្កទៅទៀត។

សូមរំឭកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២CB-៩៩៦៣ និងម៉ូតូមួយគ្រឿង នៅត្រង់ចំណុចផ្លូវលេខ៣១៧ ប្រសព្វជាមួយផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ៕