សង្គម

បុរស​ជនជាតិ​ហុងគ្រីម្នាក់រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក​នៅ​ក្រុង​សៀមរាប ក្រោយ​សង្ស័យថា មាន​វិជ្ជមាន​វីរុស​កូវីដ​១៩

ក្រសួងសុខាភិបាល​បានប្រកាស​នៅព្រឹកមិញ​ថា គេបានរកឃើញ​ករណីសង្ស័យ​វីរុស​កូវីដ​១៩ ទៅ​លើ​បុរស​ជនជាតិ​ហុងគ្រីម្នាក់អាយុ​៧០ឆ្នាំ, ស្នាក់នៅ​ភូមិ​គ្រួស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ហើយ​ត្រូវ​រាយ​ការណ៍​ដោយ​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

បើ​តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល បុរស​ជនជាតិហុងគ្រីនេះ ជាអ្នកធ្វើដំណើរពីប្រទេស​បារាំង បន្ត​ជើងហោះហើរ​តាម​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​កម្ពុជា​នៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ការ​ធ្វើតេស្ត​ដំបូង​មិន​មាន​វិជ្ជមានកូវីដ​១៩ទេ។ បន្ទាប់​មក​គាត់​ត្រូវ​បាន​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​នៅ​ខេត្ត​សៀមរាប រហូត​ដល់ថ្ងៃទី១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ករបស់គាត់ ត្រូវ​នឹង​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ការ​ធ្វើ​តេស្ត​ឡើងវិញ ក៏​បាន​បង្ហាញ​លទ្ធផល​សង្ស័យថា វិជ្ជមាន​វីរុស​កូវីដ​១៩ ហើយ​វត្ថុ​សំណាករបស់គាត់​ត្រូវ​បាន​បញ្ជូន​មក​កាន់វិទ្យាស្ថានប៉ាស្ទ័រ នៅ​រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ខណៈ​កំពុង​រង់ចាំលទ្ធផលវិភាគ គេ​មិន​អាច​ទាក់ទង​បុរស​រូបនោះបានឡើយ ដោយ​បុរស​ជនជាតិ​ហុងគ្រីនោះ​បាន​រត់ចេញពី​កន្លែង​ស្នាក់​នៅ ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​សៀមរាប​កំពុង​តាម​រក​បុរស​ជនជាតិ​ហុងគ្រីរូបនោះ។

ក្រសួងសុខាភិបាលបាន​សម្តែង​ការ​បារម្ភថា ប្រសិន​បើ​ល្ងាច​ថ្ងៃទី២៦ ខែកញ្ញានេះ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់គាត់​ពិត​ជា​ឃើញ​វិជ្ជមាន​វិរុសកូវីដ​១៩មែន​នោះ ស្ថានភាព​គេច​វេស​របស់គាត់ នឹង​អាច​មាន​ហានិភ័យ​ឆ្លង​ដល់សហគមន៍ បើ​គាត់​ធ្វើដំណើរ​ច្រើន និងជួប​មនុស្ស​ច្រើន៕