អន្តរជាតិ

ក្រសួង​ការបរទេស​ប្រកាស​ថា​ ពុំមានពលរដ្ឋ​ខ្មែរ​ណាម្នាក់​​រងគ្រោះ​ដោយ​រញ្ជួយដី​នៅជប៉ុន​ទេ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាស​ពីស្ថាន​ភាព​ ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

ក្រសួង​ការបរទេស​ឱ្យដឹងថា ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៦០០នាក់​ ដែល​កំពុង​រស់​នៅ​តំបន់​រងគ្រោះ​ ក្នុង​ខេត្ត​ចំនួន​៦​ ។ ជាមួយ​គ្នា​នេះ​ និស្សិត​ខ្មែរ​សរុប​៨នាក់​ ត្រូវបាន​ជម្លៀស​ចេញ​ពី​ខេត្ត​ដែល​កំពុង​ប្រឈម​ ទៅកាន់​ក​ន្លែង​មាន​សុវត្ថិភាព​ហើយ​។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអំពាវនាវពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើតឡើងចំថ្ងៃចូលឆ្នាំសកលឆ្នាំ២០២៣ ក្នុងកម្រិត ៧.៦ រិចទ័រ ដែលបង្កជារលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដែលមានកម្ពស់ទឹកឡើងដល់ ៥ម៉ែត្រ៕