សង្គម

ឃាត់ខ្លួនបុរសម្នាក់ដែលឆ្លៀតឱកាសវាតទីដាក់តុតាមឆ្នេរ និងទារលុយភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ

បុរសម្នាក់ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ឃាត់ខ្លួននាំយកទៅអធិការដ្ឋាននគរបាលក្រុង ក្រោយធ្វើសកម្មភាពវាតទីក្រាលកន្ទេល ដាក់តុលក់ដូរលើឆ្នេរ និងបានទារប្រាក់ពីភ្ញៀវទេសចរចំនួន ៣ម៉ឺនរៀល ខណៈទង្វើនេះផ្ទុយទៅនឹងការណែនាំរបស់រដ្ឋាបាលខេត្ត។

ផ្អែកតាមការបញ្ជាក់លើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមិនត្រឹមតែគឃ្លើន មិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្តប៉ុណ្ណោះទេ តែបុគ្គលរូបនោះថែមទាំងមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនទៀតផង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «កុំឈ្លើយ ប្រាប់ហើយថា កុំវាតទីលើឆ្នេរសាធារណៈ គាត់នឹងដាក់តុ ទារលុយភ្ញៀវរហូតដល់៣ម៉ឺនរៀល យកមកវាស់កម្ពស់ម្ដងមើល រួចធ្វើតេស្តវិជ្ជមានសារធាតុញៀនទៀត យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត»។

គួរជម្រាបថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញកាលពីដើមឆ្នាំ២០២៣ គឺមិនអនុញ្ញាតឱ្យមានការចរាចរ-ចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ជាដាច់ខាត ដើម្បីពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។ ជាមួយគ្នានោះរដ្ឋបាលខេត្ត ក៏បានក្រើនរំលឹកដល់ពលរដ្ឋត្រូវរក្សាឆ្នេរ សម្រាប់ឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តដោយមិនត្រូវ វាតទីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ ក្នុងករណីពិនិត្យឃើញមានសកម្មផ្ទុយទៅនឹងការណែនាំនោះ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរ ជាបណ្តោះអាសន្ន៕