សង្គម

ខួប​២៧ឆ្នាំ នៃ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ សម្តេច​តេជោរំលឹកថា ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត

(ភ្នំពេញ)៖ នៅថ្ងៃទី២៤កញ្ញា ២០២០នេះ គឺជាខួបទី ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសអោយប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ក្នុងនោះសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ក៏​បាន​ផ្ញើរសារ​អបអរ ចំពោះថ្ងៃ នៃ​ការ​បង្កើត​ច្បាប់​កំពូ​លរបស់​ជាតិ​មួយ​នេះផងដែរ។

សម្តេចតេជោ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា ផ្តើមចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ គឺកម្ពុជា បានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុងការដោះស្រាយបញ្ហានយោបាយ ដោយកម្ពុជាបានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលមកដល់ ឆ្នាំ២០២០ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ។

ត្រង់នេះ សម្តេចតេជោ​ក៏​បាន​បញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា, ដូច្នេះច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត៕