សង្គម

នាយករដ្ឋមន្ត្រីណែនាំរដ្ឋបាលរាជធានីខេត្តរៀបចំតុបតែលម្អទីតាំងកម្សាន្តឱ្យបានច្រើននៅថ្ងៃឆ្លងឆ្នាំសកល

នាឱកាសជិតដល់ថ្ងៃឆ្លងឆ្នាំសកល២០២៣ ឈានចូលឆ្នាំ២០២៤ ខាងមុខនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលរាជធានីខេត្តរៀបចំតុបតែងលម្អទីតាំងកម្សាន្តឱ្យបានច្រើនជម្រើសដើម្បីបម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សម្តេចធិបតីបានប្រាប់ឱ្យរដ្ឋបាលរាជធានីខេត្តរៀបចំទីតាំងសម្រាប់ Countdown ឆ្លងឆ្នាំសកល ខាងមុខនេះដោយមានជាការប្រគំមន្ត្រី សម្តែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងកម្មវិធីកម្សាន្តផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក។

សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុងដែលមានការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលប្រចាំឆ្នាំល្អជាងគេ ដោយវាយតម្លៃផ្តោតលើការរៀបចំសណ្តាប់ធ្នាប់សុវត្ថិភាព អនាម័យបរិស្ថាន ការតុបតែងលម្អ និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ និងពង្រឹងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានដើម្បីទប់ស្កាត់ភាពអចលាចល និងអសន្តិសុខក្នុងសង្គម៕