សង្គម

ភ្ញៀវរិះគន់ រីសត ដូងទេរប៊ូទិក ថាល្អមើលតែខាងក្រៅ ខាងក្នុង​មាន​កណ្តុរ​រត់​លើពិដាន ហើយ​ផាកភ្ញៀវដែល​យកភេសជ្ជៈចូលទៀត

កាលពីរសៀលថ្ងៃម្សិលមិញ​នេះ មាន​ផេក​ហ្វេសប៊ុក​មួយ​ឈ្មោះ Happiness Store I បានបង្ហោះ​សារ​ធ្វើ​ការ​រិះគន់ចំពោះរីស៊ត ដូងទេរ ប៊ូទិក ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពតថា ល្អមើលតែ​ខាងក្រៅ តែពេលដល់បានស្នាក់នៅទើបដឹង។

ហ្វេសប៊ុក​នោះ​បាន​សរសេរថា «អ្វីអ្វីខុសការគិតទាំងស្រុង.. កាប់មួយអោយចាំមួយជីរិត 👎👎 បន្ទប់ដល់សែនស្អាត មានទាំងកណ្ដុលរត់លើពិដាន ពេលភ្លៀងលិចចូលពេញបន្ទប់ សំបកក្រៅមើលទៅល្អ ខាងក្នុងបន្ទប់ឡើងរលួយ.. ពេលចូលដំបូងមិននិយាយគ្នាអោយហើយ. លើសមនុស្សម្នាក់ថែម 5$ មិនថាទេ សំខាន់យកbeer ចូល គិត5$ ដែល😂😂 ដែលមានអត់បងបង យកស្រាចូលអូតែលគិតលុយ??? ចឹងសូមផ្ដាំ មុនចូលសួរគេសិន.»។

ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើនទៀត បាន​ចូ​ល​ទៅ​បញ្ចេញមតិ ដោយ​ក្នុងនោះ មាន​គណីហ្វេសប៊ុក​មួយ​បាន​ចូល​ទៅបញ្ចេញយោបល់ថា « ខ្ញុំទៅដេកបានមួយយប់ ពេលព្រឹកប្រាប់ខាងគាត់ថាពួកខ្ញុំដេកមួយយប់ទៀតបងខំទុកឥវ៉ាន់នៅក្នុងបន្ទប់ហើយ ចេញទៅដើរលេង ល្ងាចឡើងមកវិញ គាត់ថាបន្ទប់ខ្ញុំជួលឲ្យគេហើយបងនេះឥវ៉ាន់បងខ្ញុំរើមកឲ្យបងហើយ😑 ដល់ចឹងចប់អត់ដឹងយាយថាមិចម៉ង😂😂 »។

ចំពោះ​ការ​រិះគន់ទាំងនេះ អ្នក​គ្រប់គ្រង​រីស៊ត ដូងទេរ ប៊ូទិក បាន​ថ្លែងថា កន្លែងខ្លួនគឺមាន​ច្បាប់ទម្លាប់ ដោយ​នៅតាមបន្ទប់ក៏មានបិទផងដែរ ដោយប្រសិនបើ​ភ្ញៀវចូលលើសចំនួន គឺត្រូវ​បង់ក្នុង​ម្នាក់៥ដុល្លារបន្ថែម ព្រោះ​ខ្លួន​ត្រូវ​រៀបចំ​ខ្នើយ និង​ពូក​បន្ថែម, ចំណែក​ការយក​ភេសជ្ជៈ​ចូលពីខាងក្រៅ គឺខ្លួន​ត្រូវ​ផាកបន្ថែម ដោយ​សារ​កន្លែង​ខ្លួន​ក៏​មាន​លក់ដែរ តែ​បើ​ភ្ញៀវទិញ​កន្លែង​របស់​ខ្លួន​ខ្លះ ខ្លួន​នឹង​មិន​ផាក​នោះទេ។

យ៉ាងណាក៏​ដោយចំពោះ​ករណីនេះ គេរំពឹងថា មន្ទីរទេសចរណ៍​ខេត្ត​កំពត នឹង​ចុះធ្វើ​ការ​ពិនិត្យ​ ដើម្បី​កុំ​ឲ្យ​មានការរិះគន់បន្តទៀត ព្រោះថាខេត្តកំពត ក៏​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ផងដែរ៕