សង្គម

ថៃរកឃើញករណីដំបូងនៃកូវីដ-១៩បំប្លែងខ្លួនថ្មី «JN.1» ដែលធន់នឹងប្រព័ន្ធភាពស៊ាំសារពាង្គកាយ

ប្រទេសថៃបានរកឃើញករណីកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីមួយ ដែលអាចចាប់យកកោសិការបស់មនុស្សចម្លងបានលឿន និងធន់ទៅនឹងប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ នេះបើតាមមជ្ឈមណ្ឌល​សិក្សាពី​ហ្សែន និង​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ។

លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន មជ្ឈមណ្ឌល​នេះអះអាងថា កូវីដ-១៩ បំប្លែងខ្លួនដែលគេរកឃើញ មានឈ្មោះសម្គាល់ថា JN.1 ត្រូវបានគេរកឃើញនៅរាជធានីបាងកក លើអ្នកជំងឺម្នាក់កាលពីថ្ងៃទី២៨ ខែតុលា។ ចាប់តាំងពីពេលនោះមក ក្រុមការងារបានតាមដាន និងកត់ត្រាទុកពីព័ត៌មាន និង​ស្ថានភាពរបស់អ្នកជំងឺ។ បើតាមមជ្ឈមណ្ឌលរបស់ថៃដដែលនេះ JN.1 គឺជាមេរោគបំប្លែងដែលខ្លាំងបំផុត ក្នុងចំណោមមេរោគកូវីដ-១៩ ទាំងអស់ក្នុងការចាប់យកកោសិកា និងភាពធន់នឹងប្រព័ន្ធការពារភាពស៊ាំ។ លក្ខណៈពិសេសទាំងនេះ បានធ្វើឱ្យអង្គការសុខភាពពិភពលោក និងអាជ្ញាធរគ្រប់គ្រងជំងឺឆ្លងនៅតាមប្រទេសមួយចំនួន ដូចនៅចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ណែនាំដល់អ្នកដែលងាយរងគ្រោះឱ្យទទួលថ្នាំបង្ការ។ មជ្ឈមណ្ឌល​សិក្សាពី​ហ្សែន និង​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Ramathibodi ប៉ាន់ស្មានថា វាអាចរាលដាលឆ្លងពាសពេញប្រទេសថៃត្រឹមដើមឆ្នាំ២០២៤ខាងមុខ ព្រោះគេបានឃើញពីទំនោររបស់វារួចទៅហើយ ដោយវាឆ្លងបានលឿនរហ័សនៅក្នុងប្រទេសមួយចំនួន។ ទោះបីជាមានការរីករាលដាលយ៉ាងឆាប់រហ័សក៏ដោយ JN.1 មិនបានបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬការកើនឡើងចំនួនអ្នកជំងឺ នោះទេ។

វេជ្ជបណ្ឌិតមួយរូប មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន បានសរសេរនៅលើហ្វេសប៊ុកថា ប្រជាជនគួរតែប្រុងប្រយ័ត្ន ព្រោះ JN.1 ទប់ទល់នឹងប្រព័ន្ធការពារបាន។ លោក​បន្ត​ថា ប្រជាជន​បានបន្ធូរដៃ​ក្នុង​ការ​ការពារ​ខ្លួន ហើយ​ឥឡូវ​ពលរដ្ឋមបានចេញទៅក្រៅជួបជុំគ្នាច្រើន។ សូមជម្រាបថា នៅទូទាំងពិភពលោក ប្រទេសដាណឺម៉ាកមានករណី JN.1 ច្រើនជាងគេ គឺជាង១ពាន់ករណី បន្ទាប់មកសហរដ្ឋអាម៉េរិកជិត១ពាន់ សិង្ហបុរីមានជាង៨០០ករណី និងមាននៅប្រទេសនានានៃតំបន់អឺរ៉ុបរាប់រយករណីទៀត។ ចំនួននៃករណី JN.1 មានកម្រិតទាបនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី ដោយមានសរុប៣៤ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន នៅប្រទេសចិន នៅកូរ៉េខាងត្បូង នៅកោះតៃវ៉ាន់ និង នៅម៉ាឡេស៊ី។

គួរបញ្ជាក់ថា កូវីដ-១៩ នៅក្នុងប្រទេសថៃមិនទាន់ស្ងប់ស្ងាត់ប៉ុន្មានទេ ដែលបើតាមនាយកដ្ឋានគ្រប់គ្រងជំងឺបានរាយការណ៍កាលពីសប្តាហ៍មុនថា អ្នកជំងឺកូវីដ-១៩ ចំនួន៥១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយ៦នាក់ក្នុងចំណោមពួកគេបានស្លាប់៕