អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ចូលខ្លួនសារភាព ខណៈសមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់នោះទេ។
លោក ជួន ណារិន្ទ នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអំពាវនាវដល់ជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាល ឱ្យនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។
លោកថា «កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ»។
លោកបានបញ្ជាក់ទៀតថា ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Jeep Overland ពាក់ផ្លាកលេខ ២CB-៩៩៦៣ ប៉ះជាមួយម៉ូតូមួយគ្រឿង ក្នុងភូមិសាស្រ្ត សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឱ្យជនរងគ្រោះឈ្មោះ សៀង គីមហុង ភេទប្រុស ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ៕