សង្គម

ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីកែសម្រួលពាក្យ​នៅ​លើ​រូបប្រាសាទអង្គរ ពីវៀតណាម មក​អាស៊ីអាគ្នេយវិញ

ក្រោយ​ពី​មាន​ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនបានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើនោះ ឥឡូវនេះ ក្រុមហ៊ុន​បានកែសម្រួល ដោយ​ដាក់ថា អាស៊ីអាគ្នេយវិញ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍បានថ្លែងថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours ដើម្បីឲ្យ​គេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារនេះក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឲ្យ​តំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

សូម​បញ្ជាក់ថា «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។ ហើយកាលពីពេលថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា៕