ខេត្តបន្ទាយមានជ័យ÷ លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតត្រូវបានប្រភពពីអ្នកវក់និងល្បែងហ្គេមអ៊ីនធឺណិត អះអាងថា ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍យ៉ាងជ្រៅ ជាមួយ នឹងហាងខារ៉ាអូខេ nova ឋិតនៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រីឯបុរស ឈ្មោះ អ៊ុន គឹមសុង បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងហាងខារ៉ាអូខេ ដែលគេសង្ស័យថា មានល្បែងស៊ីសងបង្កប់នៅក្នុងនោះទេ។
ក្រុមអ្នកញៀនល្បែងអ៊ីនធឺណិតឲ្យដឹងថា ទីតាំងល្បែង ស៊ីសង មួយកន្លែងជ្រកក្រោមស្លាកយីហោខារ៉ាអូខេ ស្ថិតនៅត្រង់ចំណុចចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានដំណើរការយ៉ាងរលូននិងដោយបើកចំហរ។ ប្រភពពីមន្ត្រីអត់លិឍក្នុងក្រុងប៉ោយប៉ែតអះអាងថា ហាងខារ៉ាអូខេយីហោណូវ៉ា (NOVA) បានដំណើរការ ដោយក្នុងនោះមានល្បែងអនឡាញហ្គេមជាច្រើនប្រភេទ ដែលកំពុងទាក់ទាញបានអ្នកលេងពិសេសមានជនជាតិខ្មែរនិងបរទេសចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន បានទទួលផលលាភជាមួយហាងខារ៉ាអូខេ បង្កប់ដោយល្បែងស៊ីសងនេះ ច្រើនគួរសមដែរ។
នៅក្រុងប៉ោយប៉ែតមានហាងខារ៉ាអូខេ ដែលបង្កប់ដោយល្បែងអេឡិចត្រូនិចជាច្រើនកន្លែង ក្នុងនោះក៏មានហាងខារ៉ាអូខេnova មួយផងដែរ។ ហាងខារ៉ាអូខេមានលាយ ឡំ ដោយល្បែងស៊ីសងទាំងនោះត្រូវគេប្រាប់ថា ជាឆ្នាំង បាយសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត ដែលរួមមាន លោកអធិការ សៅ សារឿន និង នឹងមន្ត្រីមានសមត្ថកិច្ចមួយចំនួន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ។ ពីខាងក្រៅវាជាស្លាកយីហោហាងខារ៉ាអូខេសម្រាប់ច្រៀងរាំ ប៉ុន្តែនៅ ពេលចូលដល់ខាងក្នុង វាជាកន្លែងលេងល្បែងស៊ីសងតាមអ៊ីនធឺណិតដ៏ទំនើប។ អាជ្ញាធរមានសមត្ថកិច្ច មិនអាចបង្ក្រាបទីតាំង ហាងខារ៉ាអូខេទាំងនោះបានទេ ពី ព្រោះវាត្រូវគេប្រាប់ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែតនោះតែម្ដង។ គេខ្សឹបថា អធិការរងក្រុងប៉ោយប៉ែតមួយរូប មានពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងអនឡាញនេះដែរ។
ប្រជាពលរដ្ឋដែលធ្លាប់បានចូលហាងខារ៉ាអូខេទាំងនោះបានខ្សឹបថា នៅស្ទើរគ្រប់ទីកន្លែងនៃហាងខារ៉ាអូខេ នៅ ក្នុងក្រុងប៉ោយប៉ែតគឺសុទ្ធតែមានបន្ទប់សម្រាប់លេង ល្បែងស៊ីសង ជាពិសេសហ្គេមច្រើនប្រភេទ។ អ្នកដែលចូលច្រៀងខារ៉ាអូខេក៏ច្រៀងទៅ,អ្នកចូលលេងល្បែង ក៏ចូលលេងទៅ។ ពីព្រោះរូបភាពខាងក្រៅគឺហាងខារ៉ាអូខេទេ។ ប៉ុន្តែនៅខាងក្នុងបង្កប់ទៅដោយតុ និងបន្ទប់ល្បែង ស៊ីសងច្រើនប្រភេទ។ ថៅកែល្បែងហ្គេមទាំងនោះត្រូវរ៉ូវជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតផង និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យផង ទើបអាចដំណើរការទៅបានដោយសុខស្រួលរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្ដែងហាងខារ៉ាអូខេ nova មានមេការឬជំនួយការម្នាក់ឈ្មោះ អ៊ុន គឹមសុង ដែលជាអ្នកចាត់ ចែងផលប្រយោជន៍លាភសក្ការៈឲ្យសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់។ បុរសឈ្មោះ អ៊ុន គឹមសុង បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងហាងខារ៉ាអូខេ ដែលគេចោទថាមានល្បែងស៊ីសងនោះទេ។
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតនិយាយថា ទីក្រុងមួយនេះកំពុងញាំញីដោយល្បែងស៊ីសងសឹងគ្រប់ច្រកផ្លូវ។ គេថាកាស៊ីណូធំៗជាប្រភពល្បែង សម្រាប់អ្នកមានលុយ ឆ្លង ដែន ឬពលរដ្ឋខ្មែរដែលមានលុយច្រើនចូលលេង។ ប៉ុន្តែនៅតាមហាងខារ៉ាអូខេ និងតាមផ្ទះល្វែងជាច្រើន ផ្សេង ទៀតក៏មានល្បែងស៊ីសង តាមលំដាប់សម្រាប់ពលរដ្ឋ ខ្មែរនិងជនបរទេស ចូលលេងដោយសេរីដែរ។ ប្រភពនានានិយាយថា បើមិនថ្វាយលាភសក្ការៈជូនសមត្ថកិច្ចនៃយើងទេគេមិនអាចបើកល្បែងស៊ីសងតាមអ៊ីនធឺណិត ឲ្យដំណើរការដោយចំហរនោះបានឡើយ។ ទីបំផុតគឺសមត្ថកិច្ចនេះហើយដែលជាអ្នកសាងបទល្មើសនៅក្នុងមូលដ្ឋាន។ ដូច្នេះគេរំពឹងថា អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ពិនិត្យមើលករណីល្បែងស៊ីសង កំពុងពង្វក់ស្មារតីខ្មែរនិងជនបរទេសនៅក្រុងប៉ោយប៉ែតនោះផង។
ប្រភពឱ្យដឹងថា ក្រៅពីល្បែងអនឡាញច្រើនប្រភេទដែលបង្កប់នៅតាមហាងខារ៉ាអូខេ ដែលជាប្រភពសេដ្ឋកិច្ចរបស់លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនោះក៏មានល្បែងស៊ីសងប្រភេទហ្គេមអនឡាញ តាមផ្ទះល្វែងមួយចំនួនទៀត ដែលកំពុងដំណើរ ការដោយលួចលាក់។ និយាយឲ្យខ្លី វាជាប្រភពចំណូល របស់អាជ្ញាធរមានសមត្ថកិច្ចទាំងក្រុងប៉ោយប៉ែត ក៏ដូច ជានៅខេត្តបន្ទាយមានជ័យនោះផងដែរ។ អាជ្ញាធរមាន សមត្ថកិច្ចមួយចំនួននិយាយថា វាជាបញ្ហាលំបាកដែលឲ្យសមត្ថកិច្ចទៅវាយបំបែកឆ្នាំងបាយខ្លួនឯងនោះ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299