សង្គម

ក្រសួងមហាផ្ទៃបញ្ជូនបណ្ដឹងលើឧត្តមសេនីយ៍ឯកម្នាក់ពាក់ព័ន្ធនឹងជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនស្រាមួយទៅអគ្គស្នងការនរគបាលជាតិ

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ លោក គឹម ជាតិ ប្រឈមពាក្យបណ្តឹងពាក់ព័ន្ធនឹងការទាមទារប្រាក់ចំនួន ១០ម៉ឺនដុល្លារពីម្ចាស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ផលិតស្រាចំរុះ និងប្រេងកូឡា អំឡុងចុះទៅត្រួតពិនិត្យដោយចោទប្រកាន់ថាមិនស្របច្បាប់ ដើម្បីជាថ្នូរនឹងការមិនបិទដំណើរការក្រុមហ៊ុន។

នៅក្នុងពាក្យបណ្តឹងនោះ ម្ចាស់ក្រុមហ៊ុន បានស្នើសុំឱ្យ លោក គឺម ជាតិ ប្រគល់ស្រាចំនួន ៤៨ដប ដែលបានដកហូត ស្នើសុំឱ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន ១០ម៉ឺនដុល្លារឱ្យមកក្រុមហ៊ុនវិញ និងស្នើសុំឱ្យមានវិធានការោផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ក្រុមហ៊ុន។

ជុំវិញពាក្យបណ្តឹងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ឱ្យដឹងនៅក្នុងផេកក្រសួងមហាផ្ទៃថា បណ្តឹងលើលោក គឹម ជាតិ ជាបណ្តឹងព្រហ្មទណ្ឌដែលក្រសួងបានផ្ទេរបណ្តឹងនេះទៅអគ្គស្នងការនគរបាលជាតិ ដើម្បីបំពេញនីតិវិធីបន្ត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែជាលទ្ធផល យើងអត់ទាន់អាចនិយាយបាននៅឡើយទេ ពីព្រោះការស្រាវជ្រាវ ការស៊ើបអង្កេត គឺត្រូវការពេលវេលា ត្រូវការប្រមូលនូវភាគីពាក់ព័ន្ធធ្វើជាសាក្សី ប្រមូលនូវព័ត៌មាន ប្រមូលនៅវត្ថុតាងនានាដើម្បីធ្វើការកំណត់ និងធ្វើរបាយការណ៍សំយោគមួយជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសម្រេច និងមានចំណាត់ការបន្តបន្ទាប់ទៅមុខទៀត»។

បើតាមលោក ទូច សុឃៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា កន្លងមកបានចេញសេចក្តីប្រកាសផ្អាកឱ្យមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃចុះត្រួតពិនិត្យ និងចុះបង្រ្កាបផលិតផលក្លែងក្លាយ ក្រោយពីមានភាពប្រក្រីតីមួយចំនួនចំពោះការបំពេញភារកិច្ចរបស់មន្ត្រីជំនាញ។

លោក ទូច សុឃៈ បានបញ្ជាក់ថា ប្រសិនម្ចាស់អាជីវកម្ម ម្ចាស់ផលិតផលទាំងឡាយណាដែលធ្លាប់រងគ្រោះដោយភាពយុត្តិធម៌ដោយសារមន្ត្រីក្រសួងមហាផ្ទៃចុះទៅបង្រ្កាបផលិតផលក្លែងក្លាយ អាចដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃដោយពុំចាំបាច់បារម្ភពីសុវត្ថិភាពឡើយ៕