សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានប្រកាស ថា ការប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើងនាចុងខែធ្នូនេះ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សហព័ន្ធបញ្ជាក់ថា តាមពិតការប្រកួតនេះ គ្រោងធ្វើឡើង តាំងពីខែសីហាមកម្លេះ ប៉ុន្ដែដោយសាររដ្ឋបាលខេត្តបាត់ដំបង ដែលជា ម្ចាស់ផ្ទះសុំ លើកពេល ព្រោះជាប់ រវល់ ជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយដងស្ទឹងសង្កែ។
បើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធបានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង “ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១០ នឹងធ្វើឡើង រយៈពេល៣ថ្ងៃគឺចាប់ពី ថ្ងៃទី២៩ដល់ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹង សង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឆ្នាំនេះ មានវិញ្ញាសាជាច្រើន ដែលគណៈកម្មការរៀបចំ គ្រោងដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ចំណុះ១២នាក់ បុរស ចម្ងាយ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ៕