សង្គម

ពលរដ្ឋឆ្ងល់ថា ហេតុអ្វីល្បែងស៊ីសងច្រើនកន្លែងនៅក្រុងប៉ោយប៉ែត ជ្រកក្រោមស្លាក ktv អាជ្ញាធរមិនបង្ក្រាប?

ខេត្តបន្ទាយមានជ័យ ÷ នៅក្រុងប៉ោយប៉ែតមានហាងខារ៉ាអូខេ ដែលបង្កប់ដោយល្បែងអេឡិចត្រូនិចជាច្រើនកន្លែង។ ហាងខារ៉ាអូខេមានឡាយឡំ ដោយល្បែងស៊ីសងទាំង នោះត្រូវគេប្រាប់ថា សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ។

ពីខាងក្រៅវាជាស្លាកយីហោហាងខារ៉ាអូខេ ប៉ុន្តែនៅពេលចូលដល់ខាងក្នុងវាជាកន្លែងលេងល្បែងស៊ីសងដ៏ទំនើប នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។

ប្រភពពីពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត បាននិយាយថា អាជ្ញាធរមាន សមត្ថកិច្ចមិនអាចបង្ក្រាបទីតាំងហាងខារ៉ាអូខេទាំងនោះបានទេ ពីព្រោះវាត្រូវគេប្រាប់ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែតនោះតែម្ដង។ គេខ្សឹបថាអធិការរងក្រុងប៉ោយប៉ែតមួយរូបមានពាក់ព័ន្ធនិងហាងល្បែងស៊ីសងអនឡាញនេះដែរ។

ប្រជាពលរដ្ឋដែលធ្លាប់បានចូលហាងខារ៉ាអូខេទាំងនោះបានខ្សឹបថា នៅស្ទើរគ្រប់ទីកន្លែងនៃហាងខារ៉ាអូខេ នៅ ក្នុងក្រុងប៉ោយប៉ែតគឺបសុទ្ធតែមានបន្ទប់សម្រាប់លេង ល្បែងស៊ីសង ជាពិសេសហ្គេមច្រើនប្រភេទ។ អ្នកដែលចូលច្រៀងខារ៉ាអូខេក៏ច្រៀងទៅ,អ្នកចូលលេងល្បែង ក៏ចូលលេងទៅ។

ពីព្រោះរូបភាពខាងក្រៅ គេចូលទៅច្រៀងខារ៉ាអូខេទេ ប៉ុន្តែនៅខាងក្នុងវាបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ។ ថៅកែហាងទាំងនោះ ត្រូវរ៉ូវជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតផង និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យផង ទើបអាចដំណើរការទៅបានដោយសុខស្រួលរហូតដល់សព្វថ្ងៃនេះ។

ម្ចាស់ហាងខារ៉ាអូខេដែលបង្កប់ដោយល្បែងស៊ីសងមួយកន្លែងអះអាងប្រាប់អ្នកកាសែតថា បើមិនដាក់ល្បែងហ្គេមនៅក្នុងនោះទេ គឺមិនអាចទាក់ទាញអតិថិជន ឲ្យចូលកំសាន្តបានឡើយ។ គេថា ការដាក់ត្រឹមខារ៉ាអូខេមិនអាចទាក់ទាញភ្ញៀវឲ្យចូលកម្សាន្តបានច្រើន ដូចមុនឡើយ។បញ្ហាខារ៉ាអូខេ លែងជាចំណូលចិត្តរបស់ពលរដ្ឋហើយផ្ទុយទៅវិញបើមានល្បែងហ្គេមនៅក្នុងនោះ គឺមានអ្នកចូលទៅលេងច្រើន ហើយម្ចាស់ហាងអាចរកចំណូលសម្រាប់ទប់ទល់និងចែករំលែកឲ្យសមត្ថកិច្ច។ ប្រភពនិយាយដោយខ្លីថា បើមិនចំណាយឲ្យសមត្ថកិច្ចទេពិត ជាមិនអាចដំណើរការ ព្រមគ្នាទាំងល្បែងស៊ីសងហ្គេមអនឡាញនិងខារ៉ាអូខេនៅជាមួយគ្នានោះបានឡើយ។

ប្រភពបានឱ្យដឹងថា ក្រៅពីល្បែងអនឡាញច្រើនប្រភេទតែបង្កប់នៅតាមហាងខារ៉ាអូខេ ដែលជាប្រភពសេដ្ឋកិច្ចរបស់លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយ ប៉ែត ក៏មានល្បែងស៊ីសងប្រភេទហ្គេមអនឡាញ តាមផ្ទះល្វែងមួយចំនួនទៀត ដែលកំពុងដំណើរការដោយលួចលាក់។ ប្រភពខ្លះនិយាយថា វាជាប្រភពចំណូលរបស់អាជ្ញាធរមានសមត្ថកិច្ចទាំងក្រុងប៉ោយប៉ែត ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចក្មុងខេត្តបន្ទាយមានជ័យនោះផងដែរ។ វាជាបញ្ហាពិបាកខ្លាំងណាស់ ដែលឲ្យសមត្ថកិច្ច ទៅវាយបំបែកឆ្នាំងបាយខ្លួនឯងនោះ ៕

ដោយ:សុិន ខ្វាន់ឆា
ការិយាល័យនិពន្ធ:010840732/061881299