រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះថ្លៃអគ្គិសនីដល់វិស័យទេសចរណ៍ក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលធ្វើឡើងក្រោយពីមានការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធី «បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់» ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនី ១៥ភាគរយ ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ខែកន្លងមករបស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាមគោលការណ៍ និងលក្ខខណ្ឌ។
អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យទេសចរណ៍ដែលទទួលបានការអនុគ្រោះនេះ រួមមានអ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈរួមមាន សណ្ឋាគារ និងផ្ទះសំណាក់ មានអត្រាថ្លៃលក់ជារៀល អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃលក់ជាដុល្លារ អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុសា្ថនីយ អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់។
សម្រាប់លក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ គឺបញ្ចុះថ្លៃអគ្គិសនី ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែដែលលើសពីមធ្យម ភាគក្នុងរយៈពេល ៦ខែ (ប្រាំមួយ) កន្លងមក ក្នុងលក្ខខណ្ឌធម្មតាការបញ្ចុះថ្លៃនេះ ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើសប៉ុណ្ណោះ។
អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថា ការប្រើប្រាស់ អគ្គិសនីរបស់ខ្លួន ស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ដែល ខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕