កសិករកូរ៉េខាងត្បូងប្រហែល២០០នាក់ ដែលបង្កាត់ពូជ និងចិញ្ចឹមសត្វឆ្កែ ដើម្បីជាម្ហូបសម្រាប់មនុស្ស បានធ្វើបាតុកម្មនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា នៅជិតការិយាល័យប្រធានាធិបតីក្នុងរដ្ឋធានីសេអ៊ូល ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលលុបចោលផែនការហាមឃាត់ការបរិភោគសាច់ឆ្កែ ខណៈការបរិភោគសាច់ឆ្កែនេះមានរយៈពេលរាប់សតវត្សន៍កន្លងមកហើយ។
កសិកររាប់សិបនាក់ បានព្យាយាមបើកឡានដឹកឆ្កែចូលតាមដងផ្លូវនៅមុខការិយាល័យប្រធានាធិបតី ដោយពួកគេមានបំណងដោះលែងឆ្កែទាំងនោះនៅកន្លែងកើតហេតុ ខណៈពួកគេត្រូវបានរាំរាំងដោយប៉ូលិស។ គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល បានដាក់ចេញនូវសេចក្តីព្រៀងច្បាប់ហាមឃាត់ការបង្កាត់ពូជ និងលក់សត្វឆ្កែសម្រាប់បរិភោគ និងផ្តល់សំណងជាហិរញ្ញវត្ថុសម្រាប់អ្នកដែលអនុវត្តឧស្សាហកម្មនេះ ដោយបង្ខំឱ្យបិទទ្វារអាជីវកម្មរបស់ពួកគេក្នុងរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ។ ប្រជាជនកូរ៉េខាងត្បូងជាង៦លានគ្រួសារ ពោលគឺ ៥១លាននាក់ហើយ ដែលឥឡូវនេះមានសត្វឆ្កែជាសត្វចិញ្ចឹមនៅក្នុងប្រទេស។ ជាមួយគ្នានេះ លោក យូន និងប្រពន្ធរបស់លោក ក៏ជាម្ចាស់សត្វឆ្កែចំនួន៦ក្បាលផងដែរ។
ការស្ទង់មតិរបស់ Gallup Korea កាលពីឆ្នាំមុនបានបង្ហាញថា ស្ទើរតែ២ភាគ៣នៃអ្នកឆ្លើយតបបានជំទាស់នឹងការបរិភោគសាច់ឆ្កែ ដោយមានតែ៨ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេបានបរិភោគឆ្កែក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដោយធ្លាក់ចុះពី២៧ភាគរយ ក្នុងឆ្នាំ២០១៥។ តំណាងក្រុមឧស្សាហកម្មនេះមួយរូប ដែលបានដឹកនាំការប្រមូលផ្តុំនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា អ្នកនយោបាយមិនមានសិទ្ធិបិទឧស្សាហកម្ម ឬសម្រេចចិត្តនូវអ្វីដែលប្រជាជនជ្រើសរើសទទួលទាននោះទេ។ លើសពីនេះ បុរសរូបនោះបាននិយាយថា៖«យើងមិនអាចយល់ស្របជាមួយនឹងគំនិតដែលថា វាព្រៃផ្សៃនោះទេ ពីព្រោះប្រទេសទាំងអស់ទំនៀមទម្លាប់នៃការចិញ្ចឹមសត្វឆ្កែ ហើយនៅតែមានប្រទេសជាច្រើនដែលបន្តទទួលទានសាច់ឆ្កែ»។ បុរសរូបនោះបានបន្តថា កសិករបានច្រានចោលទាំងស្រុងជុំវិញកិច្ចពិភាក្សាលើច្បាប់នេះ ហើយការស្នើឡើងនូវសំណងផ្នែកហិរញ្ញវត្ថុ គឺមិនគ្រប់គ្រាន់ទាំងស្រុងនោះទេ ដោយសារពួកគេនឹងបាត់បង់ជីវភាពរស់នៅរបស់ពួកគេ៕