ខេត្តកណ្តាល៖ក្រុមប្រជាពលរដ្ឋខ្មែរ ជាអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុក ចូលទៅលេងភ្នាល់ល្បែងជល់ជល់មាន់ យ៉ាងគគ្រឹកគគ្រេង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ ក្នុងការចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពលរដ្ឋខ្មែរសោះឡើយ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពៅពូន បានឲ្យដឹងថាកាសុីណូកាឡាក់សុីជ្រៃធំ បានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ ជាច្រើនខែមកហើយ ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន ឬសមត្ថកិច្ចជំនាញខេត្តកណ្តាល ចុះទៅទប់ស្កាត់ ឬហាមឃាត់ ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះ មិនបានអនុវត្តតាមកិច្ចសន្យា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។
សេក្តីរាយការណ៍ពីពលរដ្ឋខាងលើ បានឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់ឃើញរថយន្ត និងម៉ូតូនិងរថយន្ត របស់ក្រុមអ្នកញៀនល្បែងស៊ីសងជនជាតិខ្មែរ រាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំទល់ៗព្រលប់ ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលសង្ស័យ ចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តកណ្តាល ឬមួយថាមានអំណាចតិចតួច ជាងម្ចាស់កាសុីណូក៏ថាបាន។ល។បើតាមប្រភពឲ្យដឹងថា មានមេការធំ២នាក់ជាអ្នកមើលការខុសត្រូវ នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំនេះ គឺម្នាក់ឈ្មោះសុវណ្ណ និងម្នាក់ទៀតឈ្មោះញ៉ ជំនាញខាងគៀងគរពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ព្រោះគេមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ឈ្មោះសុវណ្ណ និងឈ្មោះញ៉នេះ ជាអ្នកមើលការខុសត្រូវឲ្យមនុស្សរបស់ខ្លួនហែកបុងភ្នាល់ល្បែងជល់មាន់ក្នុងមួយគូៗរាប់ពាន់ រាប់មុឺនដុល្លារអាមេរិក ដើម្បីប្រមូលលុយតុងយកទៅទិញដង្វាយថ្វាយដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី តូចធំ ដើម្បីឲ្យបិទភ្នែក បិទត្រចៀក ធ្វើមើលមិនឃើញ ស្តាប់មិនឮ ថាមានពលរដ្ឋខ្មែចូលទៅលេងភ្នាល់ល្បែងសុីសងខុសពីច្បាប់កំណត់។ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូនរិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកណ្តាល បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរ ចូលទៅលេងភ្នាល់ល្បែងសុីសង យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ ក្នុងកាសុីណូកាឡាក់ស៊ីជ្រៃធំ យ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងកាលពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីខ្មែរ បានចេញបទបញ្ជាឲ្យបង្កើតគណៈកម្មការជាតិបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នងក្របខណ្ឌទូទាំងប្រទេស និងបានព្រមានថានឹងដកតំណែងចៅហ្វាយខេត្ត ឬស្នងការទាំងឡាយណាដែលពាក់ព័ន្ធនឹងការមិនបង្រ្កាបល្បែងសុីសង ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងទៀតផង។ ប៉ុន្តែសកម្មភាពបង្ក្រាបល្បែងសុីសង ត្រូវបានមហាជនមើលឃើញថាហាក់ដូចខ្យល់ព្យុះកំបុតត្បូង និងហាក់ដូចជាបង្អើលឲ្យពលរដ្ឋខ្មែរ ពិសេសក្រុមអ្នកញៀនល្បែង ប្តូរចិត្តយកទីតាំងកាសុីណូ ធ្វើជាជំរំុលេងភ្នាល់ល្បែងដោយសុខសាន្ត ទៅវិញ ដូចករណីល្បែងស៊ីសង ដែលកំពុងដំណើរការយ៉ាងសកម្មក្នុងកាសុីណូកាឡាក់សុីជ្រៃធំសព្វថ្ងៃនេះ។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299