អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីសម្ពោធ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រូវតែរួមចំណែកផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅតំបន់នេះផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
សម្តេចបញ្ជាក់ដែរថា ក្រៅពីការកសាងព្រលានថ្មី រាជរដ្ឋាភិបាល មានផែនការពង្រីកផ្លូវជាតិលេខ៦ ជា ៤ និង ៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្ត គ្រោងចំណាយថវិកា ប្រមាណ ៦០លានដុល្លារ។ សម្តេច ថា ក្រៅពីការពង្រីកផ្លូវ យើងនឹងធ្វើរថភ្លើងពីព្រលានថ្មីទៅក្រុងសៀមរាបផងដែរ ។
ជាមួយគ្នានេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកដំណើរមកកាន់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំជា E –arrival សម្រាបភ្ញៀវមកដល់ព្រលានយន្តហោះ កាត់បន្ថយការប្រើក្រដាស់ ដោយប្រើអេឡិចត្រូនិច ត្រូវធ្វើឱ្យបានសាកល្បងនៅចុងឆ្នាំ២០២៣ នៅព្រលានយន្តហោះសៀមរាបអង្គរ មុនគេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ដែរថា ការកសាងព្រលានថ្មីនេះ ក៏ត្រូវតែរួមចំណែក ដើម្បីផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនៅតំបន់នេះផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕