សង្គម

ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែកគំនិតឆក់ទូរស័ព្ទ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកជាថ្មី!

កាលពីវេលាម៉ោងប្រមាណ ម៉ោង​០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម​ មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ​ប្រុស​ អាយុ២៧ឆ្នាំភ្លាមៗតែម្តង។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០២ឆ្នាំ ពីបទលួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ដោយសព្វថ្ងៃខ្លួ​នក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕