រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រឹងការអនុវត្តសារាចរ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងករណីមានបុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗផ្ទុយពីការកំណត់ មន្ត្រីជំនាញពាក់ព័ន្ធត្រូវធ្វើការឃាត់ខ្លួនជននោះជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន។
ក្នុងសេចក្តីណែនាំដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងអាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់នូវិធានមួយចំនួនត្រូវអនុវត្តតាមឱ្យបានម៉ឺងម៉ាត់។ វិធានទាំងនោះរួមមាន៖ទី១. ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែលទទួលបានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវគោរព និងណែនាំដល់ភ្នាក់ងារខ្លួនឱ្យអនុវត្តតាមសារាចរលេខ១១ ស រ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយមិនត្រូវប្រមូលភាស៊ី ឬកម្រៃផ្សេងៗ ពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តជាដាច់ខាត។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសារាចរនឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។
ទី២. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តសារាចរ ក្នុងករណីមានបុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យបងប្អូនអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន។ ទី៣.បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទមិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណាមួយឡើយ ហើយត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ និងទី៤. ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរ បងប្អូនអាជីវករ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬទូរសព្ទលេខ១២៩៩ ដើម្បីអាជ្ញាធរចុះចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្កបានទាន់ពេលវេលា៕