ថេរសភាសង្ឃខេត្តសៀមរាប និមន្តដឹកនាំដោយព្រះមង្គលសិលាចារ្យ ជុំ គឹម ឡេង ព្រះមេគណខេត្តសៀមរាបនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះទៅរៀបចំសណ្តាប់ធ្នាប់វត្តពោធិលង្ការខាងលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសំរេចមិនឱ្យមានចៅអធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងព្រះវិន័យធរ ព្រមទាំងមិនអនុញ្ញាតឱ្យយាយជី តាជី ព្រមទាំងអ្នកស្នាក់នៅក្នុងវត្តចាកចេញទាំងអស់។
យោងតាមសេចក្តីសម្រេចពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានការឯកភាពពីរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្រេចបញ្ចប់តំណែងទៅដល់៤អង្គឯណ្ណោះ គឺមានភិក្ខុកែវ ខូយជាចៅអធិការវត្ត ភិក្ខុពេជ្រ ដេវីឌ ជាគ្រូសូត្រស្តាំ ភិក្ខុស៊ីញ ស៊ីនជាគ្រូសូត្រឆ្វេង និងភិក្ខុសេង សុខុម ព្រះវិន័យធរ។
ជាមួយគ្នានេះ ភិក្ខុសាមណេរដែលកំពុងគង់នៅក្នុងវត្តសរុបចំនួន ១៤០អង្គ និងតាជី យាយជី ក្មេងវត្តចំនួន ៣១នាក់ ក៏ត្រូវនិមន្តឱ្យចាកចេញ ដោយតម្រូវឱ្យទៅគង់នៅវត្តរាជបូណ៌ ក៏ដូចជាវត្តទេពពោធិវង្ស ដើម្បីបានវត្តស្នាក់នៅបន្ត។
យោងតាមលិខិតរបស់សាលាគណក្រុងសៀមរាប វត្តពោធិលង្កា មិនត្រូវបានអនុញ្ញាតឱ្យបុគ្គលណាស្នាក់នៅទៀតឡើយ ហើយបើបុគ្គលណាមួយមិនព្រមចាកចេញតាមការជូនដំណឹង សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមានសមត្ថកិច្ចអនុវត្តតាមច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិណាមួយឡើយ៕