ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពកាច់កម៉ូតូ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយបង្ក្រាបបានជនសង្ស័យទាំង២នាក់នេះ កម្លាំងការិយាល័យជំនាញ បានបន្ដឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកទទួលទិញផលចោរកម្ម។ ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖
*ទី១៖ ឈ្មោះ កុយ ករុណា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម)
*ទី២៖ ឈ្មោះ សេង វិឆ័យ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ ចក់ ពេទ្យ អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដកហូតបាន ទុលវីសចំនួន ០១, សោលេខ១០ ចំនួន០១, សោកាច់អស្សរL ចំនួន០៧, សោកាច់អស្សរT ចំនួន០១, ស្លាកលេខម៉ូតូ ចំនួន ០១, ម៉ូតូចំនួន០២គ្រឿង (ម៉ាក HONDA SCOOPY និងម៉ាក HONDA BEAT)។ ម៉ូតូ HONDA BEAT ត្រូវបានកម្លាំងជំនាញប្រគល់ជូនម្ចាស់ដើមវិញ។
ដោយឡែក ម៉ូតូ HONDA SCOOPY ស្វែងរកម្ចាស់មិនទាន់ឃើញនោះទេ ក្នុងករណីប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូភិនភាគដូចរូប សូមទំនាក់ទំនងមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់។ (ទំនាក់ទំនងទូរស័ព្ទលេខ +855 92 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ)។
បច្ចុប្បន្នក្រោយបញ្ចប់ការសួរនាំ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕