សង្គម

យប់មិញ​កងកម្លាំង​មួកខៀវ​១៣៩​នាក់ ធ្វេី​មាតុភូមិ​និវត្តន៍​មកដល់កម្ពុជា​វិញ

នៅរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កងទ័ពយោធាមួកខៀវកម្ពុជាចំនួន១៣៩នាក់ ក្នុងចំណោមនោះមាននារីចំនួន១១នាក់ បាននិវត្តមកដល់កម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី រយៈពេលមួយឆ្នាំ។

លោកឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាអនុប្រធានគណៈកម្មការការងារកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងបញ្ជាក់ថា កងយោធាមួកខៀវកម្ពុជា ដែលទើបធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជានាពេលនេះ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វីនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅស្រុកឧដុង្គចំនួន៤៥នាក់ ក្នុងនោះនារីមួយនាក់ និង នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់ ក្នុងនោះនារីចំនួន១០នាក់៕