សង្គម

ចាប់​បាន​សាច់ជ្រូក សាច់មាន់ សាច់​ទា​ សាច់​គោ​ បង្កក​ចំនួន ​១៤៧៥គីឡូក្រាម

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់សាច់ជ្រូក សាច់មាន់ សាច់ទា និងសាច់គោ បង្កកចំនួន១៤៧៥គីឡូក្រាម ក្រោយពីបានឃាត់រថយន្ត១គ្រឿងពិនិត្យ។

រថយន្តដែលត្រូវឃាត់នោះ ម៉ាក SSANGYONG ISTANA ស្លាកលេខ ភ្នំពេញ២ AX-1150 , ក្រុមបង្រ្កាបបានរកឃើញផលិតផលមានដើមកំណើតពីសត្វ(សាច់បង្កក) មាន៖ សាច់ជ្រូក និងគ្រឿងក្នុងចំនួន ៦៧កេះ = ៨២០គីឡូក្រាម, សាច់មាន់ ១៥កេះ = ១២០គីឡូក្រាម, សាច់គោចំនួន ១០កេះ = ២០០គីឡូក្រាម, សាច់ទាចំនួន ៣០កេះ = ២៨០គីឡូក្រាម, តៅហូចំនួន ៥កេះ = ៥០គីឡូក្រាម ដែលសរុបសាច់បង្កកទាំងអស់ចំនួន ១៤៧៥គីឡូក្រាម។

កម្លាំងបង្រ្កាបបានឱ្យដឹងថា ការឃាត់រថយន្តដឹកសាច់បង្កកនេះ បានធ្វើ​ឡើងនៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតផ្សារឈូកមាស ខណៈរថយន្តនេះបានដឹកយកមកចែកចាយនៅផ្សារដើមគ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់បង្កក) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

យ៉ាងណាក៏ដោយ ក្រោយ​ចាប់ឃាត់ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕