សង្គម

ទីបំផុតមុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

មុខសញ្ញាសង្ស័យដែលបានវាយសម្លាប់កូនឈ្លូស ហែលទឹកសមុទ្រ នៅឆ្នេរកោះស្តេច ខេត្តកោះកុង ដែលត្រូវគេបង្ហោះវីដេអូកាលពីពេលថ្មីៗនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំការស្រាវជ្រាវនេះ បានឱ្យដឹងថា ក្រោយពីលោកជំទាវ អភិបាលខេត្ត ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ៤លានរៀល ដល់អ្នកដែលបានផ្តល់ដំណឹង ឈានទៅរកឃើញជន​ដៃដល់ ដែលវាយសម្លាប់កូនឈ្លូសរួចមក ក៏មានអ្នកឃើញ​ហេតុការណ៍នោះ បានផ្តល់ដំណឹងដល់សមត្ថកិច្ច និងបានទៅណែនាំ​ឱ្យ​ជនដៃដល់ចូលសារភាព​។ អ្នកវាយសម្លាប់សត្វឈ្លូសនោះ ក៏បានមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ ។

លោកអភិបាលរង ខេត្តកោះកុង បន្ថែមថា ដោយមានការឯកភាពពីព្រះរាជអាជ្ញា អាជ្ញាធរសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ​រកអ្នកពាក់ព័ន្ធបន្ថែម​។ ចំពោះវិធានការបែបណាលើជននេះ គឺរង់ចាំមន្ត្រី​ជំនាញ ធ្វើការសិន​។

លោកអភិបាលរង ខេត្តកោះកុង បន្តថា ជនសង្ស័យនេះ មានឈ្មោះ តាន់ អ៊ូខុង ជាសន្តិសុខរបស់ក្រុមហ៊ុនមួយ នៅជិតកន្លែងកើតហេតុ និងជាអ្នកមកពីខេត្តក្រៅ​។

សូមរម្លឹកថា ខ្លីបវិដេអូ ត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បង្ហាញបុរសម្នាក់ កាន់ដំបង វាយសំពង សម្លា.ប់កូនឈ្លូស ១ក្បាល ដែលហែល​ទឹក នៅឆ្នេរសមុទ្រ បណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែង។ ហេតុការណ៍នោះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅឆ្នេរកុកហាវ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង​។ សកម្មភាពនោះ នាំឱ្យមានប្រតិកម្មជាខ្លាំង៕