អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបើកសិក្ខាសាលាមួយស្តីពីការសិក្សាស្រាវជ្រាវពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដាកូដិច។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា សិក្ខាសាលានេះមិនមានបំណងជំរុញឱ្យមានការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងទឹកត្នោត និងស្ករត្នោតទេ។ ប៉ុន្តែក្នុងករណីអ្នកផលិតមិនអាចអនុវត្តតាមវិធីសាស្ត្របែបប្រពៃណីបុរាណបាន ហើយងាកមកប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតជំនួសវិញ ទើបអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំសិក្ខាសាលានេះឡើងដើម្បីជួយដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតពីវិធីសាស្ត្រ នៃការប្រើប្រាស់សារធាតុស៊ុលហ្វីតតាមកម្រិតកំណត់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបានបន្ថែមថា នាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើតេស្តរកសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតដែលបានយកជាគំរូនិងបញ្ជូនមកពីបណ្ដាសាខា ក.ប.ប. រាជធានីខេត្ត។
លោកបានបន្តថា កាលពីបុរាណ អ្នកឡើងត្នោត តែងប្រើប្រាស់បំពង់ឫស្សី ដើម្បីត្រងទឹកត្នោត ហើយមុននឹងទៅត្រង គឺគាត់បានដុតសម្លាប់មេរោគក្នុងបំពង់រួចហើយ។ដូច្នេះប្រសិនបើអ្នកឡើងត្នោតប្រើប្រាស់វិធីសាស្ត្របុរាណនេះគឺមិនចាំបាច់ប្រើប្រាស់សារធាតុស៊ុលហ្វីត ក្នុងទឹកត្នោតនោះទេ។
បើតាមលោក ផាន អូន គោលបំណងសំខាន់មួយទៀតរបស់ក.ប.ប គឺ ចង់ឱ្យអ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោត នៅពេលដែលគាត់សម្រេចចិត្តប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងផលិតផលរបស់គាត់ ត្រូវតែច្បាស់លាស់ក្នុងចិត្តថា ផលិតផលគីមីនោះមានឈ្មោះត្រឹមត្រូវនិងដាក់ក្នុងបរិមាណត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាពម្ហូបអាហារ។ក្នុងករណីដែលនៅតែបន្តប្រើប្រាស់សារធាតុគីមីដែលមិនមានឈ្មោះត្រឹមត្រូវនឹងប្រឈមទោសទណ្ឌ៕