រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាប្រមាណ៣៦លានដុល្លារអាមេរិកសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសនៅឆ្នាំ២០២៤ ។នេះបើយោងតាមសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៤ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត គ្រោងនឹងប្រកាសកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់នៅខែវិច្ឆិកាខាងមុខ។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕