សង្គម

អុំទូកនៅខេត្តបាត់ដំបងឆ្នាំនេះ មានទូកចូលរួមច្រើនជាងឆ្នាំកន្លងទៅ

កម្មវិធីបុណ្យអុំទូក បណ្តែតប្រទីប ដែលប្រារព្ធធ្វើនៅ​ដងស្ទឹងសង្កែ ខេត្តបាត់ដំបង បានបញ្ចប់ហើយ​កាលពីល្ងាចថ្ងៃទី២៩ តុលា ម្សិលមិញ ក្រោយប្រារព្ធធ្វើ​ឡើងអស់រយៈពេល​២ថ្ងៃ។ ជាការ​កត់សម្គាល់គេឃើញថា នៅ​ក្នុងឆ្នាំ២០២៣នេះ ចំនួនទូកដែលបានចូលរួមមានចំនួនច្រើនជាងឆ្នាំកន្លងទៅ។

បើយោងតាមគណៈកម្មការ នៅឆ្នាំនេះ ទូកដែលបានមកចូលរួមប្រណាំង មានសរុបទូកង​ចំនួន៤៥ទូក ក្នុងនោះមាន ប្រភេទទូកផ្កាចារ, ទូកងខ្នាតអន្តរ​ជាតិ​នារី, ទូកងខ្នាតអន្តរជាតិបុរស, ទូកខ្លីប្រពៃណី, ទូកវែងផែនពិសេស រួមទាំងគូប្រណាំងលក្ខណៈមិត្តភាពមកពីខេត្តពោធិ៍សាត់ និងខេត្ត​បន្ទាយ​មានជ័យផងដែរ។

លោក​ សុខ លូ អភិបាលខេត្តបាត់ដំបង​បានលើក​ឡើង​ថា ការរៀបចំពិធីបុណ្យអុំទូកនេះឡើង ដើម្បីផ្តល់ឱកាសដល់ប្រជាពល​រដ្ឋ​ទាំងអស់បានសប្បាយរីករាយ ។ ម៉្យាងទៀតដើម្បីបង្ហាញ​ដល់​យុវជន​អ្នកបន្តវេនបានយល់ដឹង ស្គាល់ពីអត្ថន័យពិធីបុណ្យនេះ។

លោកអភិបាលខេត្តបន្តថា ការចូលទស្សនាយ៉ាងច្រើន និងស្នាម​ញញឹម​របស់បងប្អូនប្រជាពលរដ្ឋទាំងពេលយប់ និងពេលថ្ងៃនេះបានឆ្លុះ​បញ្ចាំង​ពីការរីកចម្រើននៅក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងប្រទេសក្រោមម្លប់​សន្តិភាព។ មានសន្តិភាពមានសេចក្តីសុខ មានការអភិវឌ្ឍរីក​ចម្រើន ។ដូចនេះប្រជាពលរដ្ឋគ្រប់ៗគ្នាត្រូវប្តេជ្ញាចិត្តរួមគ្នាថែរក្សាការពារនូវសន្តិភាពឱ្យគង់វង្ស៕