សង្គម

ចុងសប្តាហ៍នេះ តំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី​ និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ​ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយនូវសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា ។

ដោយឡែក នៅថ្ងៃទី៣០ ខែតុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ មានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាននឹងប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួននៅ​តំបន់មាត់សមុទ្រ​ បណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំង​រាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់​ក្នុងកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទៈ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្តប់​លើផ្ទៃដីពី ៤០ ទៅ៥០ភាគរយ។

ដោយឡែកបណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ ទៅ ៤០ភាគរយ។

ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា នឹង​មានភ្លៀងធ្លាក់​ក្នុងកម្រិតពីតិចទៅបង្គួរ លើតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប គ្របដណ្តប់​លើផ្ទៃដីពី ៣០ ទៅ៤០ភាគរយ។ ចំណែកឯតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទៈ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដីពី៤០ ទៅ៦០ភាគរយ៕